អន្តរជាតិ
ឥណ្ឌូណេស៊ី ជំរុញរុស្ស៊ីចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
13, Jul 2023 , 10:29 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយរុស្ស៊ី នៅថ្ងៃទី១៣ ខែកក្កដា។ រូបភាពASEAN
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយរុស្ស៊ី នៅថ្ងៃទី១៣ ខែកក្កដា។ រូបភាពASEAN
ឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែកក្កដា បានជំរុញឱ្យរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរចុះហត្ថលេខាលើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ(SEANWFZ)  ដើម្បីរក្សាតំបន់អាស៊ីអាគ្នេយ៍ពីអាវុធនុយក្លេអ៊ែរ ក៏ដូចជាការពារតំបន់នេះពីការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។


ក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ នៅថ្ងៃទី១១ ខែកក្កដា លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ បានជួយឱ្យតំបន់មួយនេះអាចថែរក្សាសន្តិភាព និងស្ថិរភាព តាមរយៈសន្ធិសញ្ញាកាត់បន្ថយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។
 
ជុំវិញបញ្ហានេះ ក្នុងកិច្ចប្រជុំអាស៊ានជាមួយរុស្ស៊ី ប្រមុខការទូតឥណ្ឌូណេស៊ី បានអំពាវនាវឱ្យរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ​ ចុះហត្ថលេខាលើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ 
 
«សម្រាប់គោលបំណងនេះ ខ្ញុំពឹងផ្អែកលើរុស្ស៊ី ក្នុងការទទួលពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗ»។ លោកស្រី Marsudi បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៣ ខែកក្កដា ដោយបន្តថា ប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរទាំងអស់ ត្រូវតែពង្រឹងការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយអាវុធ។ 
 
ពិធីសារនៃសន្ធិសញ្ញា SEANWFZ ជាការផ្តល់ការធានាផ្នែកច្បាប់ ដើម្បីប្រាកដថារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរ មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការគំរាមកំហែងចំពោះរដ្ឋជាសមាជិកសន្ធិសញ្ញា។ អាស៊ាន ក៏បើកចំហរពិធីសារ សម្រាប់ការចុះហត្ថលេខាដោយមហាអំណាចនុយក្លេអ៊ែរទាំង៥ មានដូចជា រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាម៉េរិក។
 
ក្រៅពីរុស្ស៊ី អាស៊ាន ក៏បានស្វះស្វែងឱ្យមហាអំណាចផ្សេងទៀតដូចជា អាម៉េរិក ចិន បារាំង និងអង់គ្លេស ចុះហត្ថលេខាលើពិធិសារនេះដែរ។ រុស្ស៊ី ជាប្រទេសមួយ ដែលក្បាលនុយក្លេអ៊ែរជាច្រើនពាន់គ្រាប់ ដូចនឹងអាម៉េរិកដែរ។ 
 
បន្ថែមពីនេះ ឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន ក៏បានអំពាវនាវជាថ្មីឱ្យមានការស្វះស្វែងរកសន្តិភាពក្នុងសង្រ្គាមនៅអ៊ុយក្រែន រួមទាំងការការពារសន្តិសុខស្បៀង និងថាមពលផង។ 
 
ក្នុងកិច្ចសម្ភាសតាមរយៈការសរសេជាមួយសារព័ត៌មានKompas មុនកិច្ចប្រជុំខាងលើ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានអះអាងថា ដោយសារតែទណ្ឌកម្មពីបណ្តាប្រទេសមួយចំនួន វាបាននាំឱ្យទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងបណ្តារដ្ឋអាស៊ានមួយចំនួនធ្លាក់ចុះ ៤,៤ភាគរយ។ ដើម្បីដោះស្រាយបញ្ហានេះ ប្រមុខការទូតរុស្ស៊ី បានស្នើឱ្យអាស៊ានពិចារណាលើការប្រើប្រាស់រូបិយប័ណ្ណជាតិជំនួសប្រាក់ដុល្លារ។ មិនតែប៉ុណ្ណោះ លោក ឡាវរ៉ូវ បានបន្តពន្យល់ថា មិនត្រឹមតែរុស្ស៊ីទេ ប្រទេសផ្សេងទៀត ក៏បានកាត់បន្ថយការប្រើប្រាក់ដុល្លារផងដែរ៕
 

Tag:
 អន្តរជាតិ
  រុស្ស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com