អន្តរជាតិ
ប្រមុខការទូតអាម៉េរិកប្រាប់អាស៊ានឱ្យដាក់សម្ពាធលើមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់អំពើហិង្សា
14, Jul 2023 , 5:49 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាម៉េរិក។ រូបភាពយកពី Twitter របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក Antony Blinken
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាម៉េរិក។ រូបភាពយកពី Twitter របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក Antony Blinken
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៤ ខែកក្កដា បានប្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានឱ្យដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់អំពើហិង្សា និងវិលត្រលប់ទៅរកប្រជាធិបតេយ្យឡើងវិញ។


ក្រោយរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០២១ មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ  និងមានការប៉ះទង្គិចរវាងយោធា និងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលជាញឹកញាប់។ ការប៉ះទង្គិចនេះ បានបង្កឱ្យប្រជាជនស៊ីវិលជាច្រើនរូបបាត់បង់ជីវិត ខណៈផ្ទះ និងទ្រព្យសម្បត្តិជាច្រើន ត្រូវបានបំផ្លាញ។ 
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានអំពាវនាវជាថ្មីឱ្យអាស៊ានដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ដើម្បីវិលត្រលប់ទៅរកប្រជាធិបតេយ្យឡើងវិញ។ 
 
«នៅមីយ៉ាន់ម៉ា យើងត្រូវតែដាក់សម្ពាធលើរបបសឹកឱ្យបញ្ឈប់អំពើហិង្សា, អនុវត្តការឯកភាព ៥ចំណុច និងគាំទ្រការវិលត្រលប់ទៅរកអភិបាលកិច្ចដោយប្រជាធិបតេយ្យឡើងវិញ»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំអាស៊ាន-អាម៉េរិក ដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែកកក្កដា ក្នុងក្រុងហ្សាការតា។ 
 
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសនៅថ្ងៃទី១៣ ខែកក្កដា អាស៊ាន បន្តប្រកាន់យកការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំកន្លងមក ជាឯកសារយោងសម្រាប់លើកឡើងពីបញ្ហានៅមីយ៉ាន់ម៉ា។ 
 
តាមសេចក្តីថ្លែងការណ៍រួមដដែលនេះ អាស៊ានមិនបានដាក់ចេញវិធានការតឹងរ៉ឹងជាមុនឡើយ ដោយបានត្រឹមតែជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់អំពើហិង្សារដោយមិនរើសអើងភ្លាមៗ និងបង្កើតបរិយាកាសល្អសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចពិភាក្សាថ្នាក់ជាតិប្រកបដោយការរួមបញ្ចូល៕ 
 
 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com