អន្តរជាតិ
ទោះខ្វះព័ស្តុតាង សភាតំណាងនៅតែអនុម័តបើកស៊ើបអង្កេតករណីពុករលួយលើលោក បៃឌិន
14, Dec 2023 , 11:19 am        
រូបភាព
លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន (ឆ្វេង) និងលោកប្រធានសភាតំណាង  Mike Johnson។ រូបភាព AFP
លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន (ឆ្វេង) និងលោកប្រធានសភាតំណាង Mike Johnson។ រូបភាព AFP
សភាតំណាងអាម៉េរិក ដែលគ្រប់ដណ្តប់ដោយសមាជិកបក្សសាធារណរដ្ឋ នៅថ្ងៃទី១៣ ខែធ្នូ បានអនុម័តជាផ្លូវការ ដើម្បីបើកការស៊ើបអង្កេតប្រធានាធិបតី ចូ បៃឌិន ករណីអំពើពុករលួយដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។ យ៉ាងណាមិញ សភា មិនមានព័ស្តុតាងច្បាស់លាស់ណាមួយដើម្បីដាក់បន្ទុកប្រធានាធិបតីឡើយ។
ក្នុងសំឡេងគាំទ្រ២២១ ទល់នឹងសំឡេងប្រឆាំង ២១២ សភាតំណាងអាម៉េរិក បានអនុម័តជាផ្លូវការ ដើម្បីបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី ចូ បៃឌិន ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ និងការទាញប្រយោជន៍ពីធុរកិច្ចកូនប្រុសរបស់លោក។ សមាជិកសភាបក្សសាធារណរដ្ឋ បានបោះឆ្នោតគាំទ្រផែនការនេះ។ ការប្រព្រឹត្តអំពើពុករលួយ ត្រូវបានរដ្ឋធម្មនុញ្ញអាម៉េរិកចាត់ទុកជាបទឧក្រិដ្ឋកម្រិតខ្ពស់ដែលអាចបញ្ចប់តំណែងលោក បៃឌិន។
 
យ៉ាងណាមិញ មេដឹកនាំអាម៉េរិក បានចាត់ទុកការចោទប្រកាន់ពីសំណាក់បក្សសាធារណរដ្ឋជាការវាយប្រហារលើរូបលោក។ 
 
«ជំនួសឱ្យការធ្វើអ្វីផ្សេងដើម្បីជួយប្រជាជនអាម៉េរិក ពួកគេ (បក្សសាធារណរដ្ឋ) បានផ្តោតលើការវាយប្រហារខ្ញុំជាមួយនឹងការកុហក»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញក្រោយការអនុម័តការស៊ើបអង្កេត ដោយបន្តថា​ សភាតំណាង មិនបានផ្តោតលើការងារបន្ទាន់ឡើយ ប៉ុន្តែពួកគេបានចំណាយពេលឥតប្រយោជន៍លើរឿងនយោបាយ ដែលគ្មានមូលដ្ឋាន។ 
 
មេដឹកនាំអាម៉េរិកទំនងសំដៅដល់កញ្ចប់ចំណាយរបស់រដ្ឋាភិបាលប្រចាំឆ្នាំ បញ្ហាសន្តិសុខតាមព្រំដែន ជំនួយយោធាទៅអ៊ុយក្រែន និងអុីស្រាអែលជាដើម ដែលមិនទាន់ត្រូវបានសភាតំណាងអនុម័តឡើយ។ 
 
បើទោះមានការអនុម័តឱ្យបើកការស៊ើបអង្កេតក៏ដោយ សមាជិកសភាមកពីបក្សសាធារណរដ្ឋ មិនទាន់មានព័ស្តុតាងជាក់លាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរបស់លោកបៃឌិន ជាមួយនឹងការរកស៊ីកូនប្រុស ឬទទួលសំណូកក្នុងពេលលោកក្នុងកាន់កាន់តំណែងជាប្រធានាធិបតី ឬមុនពេលកាន់តំណែងឡើយ។ 
 
ក្រោយការបោះឆ្នោតអនុម័តខាងលើ ប្រធានសភាតំណាងលោក Mike Johnson បានលើកឡើងថា សភាតំណាង នឹងមិនបើកការស៊ើបអង្កេតបែបសើៗនោះទេ ហើយក៏មិនវាយតម្លៃទុកជាមុនលើលទ្ធផលនៃការស៊ើបអង្កេតដែរ។ 
 
ចំណែកសមាជិកសភាបក្សប្រជាធិបតេយ្យវិញ បានចាត់ទុកការគាំទ្ររបស់បក្សសាធារណរដ្ឋ ជាការសងសឹក នឹងការបោះឆ្នោតឱ្យបើកការស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ នាពេលកន្លងមក។ លោក Jim McGovern សមាជិកសភាតំណាងមកពីបក្សប្រជាធិបតេយ្យ បានចាត់ទុកការស៊ើបអង្កេតលើលោក បៃឌិន ជារឿងនយោបាយសុទ្ធសាធ។ 
 
យ៉ាងណាមិញ ការបញ្ចប់តំណែងរបស់លោក បៃឌិន ទំនងមិនអាចទៅរួចឡើយ ដោយសារតែបក្សប្រជាធិបតេយ្យ តែងប្រកាសរួបរួមគ្នាគាំទ្រលោកបៃឌិន។ ម្យ៉ាងវិញទៀត នៅក្នុងនីតិវិធីបន្ទាប់ ព្រឹទ្ធសភា ត្រូវតែបោះឆ្នោត ដើម្បីកាត់ទោសលើលោកបៃឌិន ក្នុងសំឡេង ២ភាគ៣។ ទាក់ទិននឹងបញ្ហានេះ វារឹតតែមិនអាចទៅរួច ដោយសារព្រឹទ្ធសភា មានសមាជិកបក្សប្រជាធិបតេយ្យចំនួន ៥១រូប ទល់នឹងបក្សសាធារណរដ្ឋចំនួន ៤៩រូប។ 
 
នៅក្នុងថ្ងៃទី១១ ខែធ្នូកន្លងមក លោក Hunter Biden ដែលជាកូនប្រុសរបស់លោកបៃឌិន បានបដិសេធមិនផ្តល់សក្ខីកម្មនៅក្នុងសវនាការបិទទ្វារនោះទេ ហើយលោកបញ្ជាក់ថា ធ្វើតែក្នុងសវនាការបែបសាធារណៈប៉ុណ្ណោះ ដោយសារខ្លាចមានការយល់ច្រឡំណាមួយ។ បន្ថែមពីនេះ លោក Hunter Biden ក៏បានបញ្ជាក់ផងដែរថា វាគ្មានព័ស្តុតាងណាមួយបានបញ្ជាក់ថា ឪពុករបស់លោក បានពាក់ព័ន្ធជាលក្ខណៈហិរញ្ញវត្ថុ ក្នុងធុរកិច្ចរបស់ខ្លួនឡើយ។ 
 
គួររម្លឹកថា កន្លងមក លោក Hunter Biden បានរងបទចោទចំនួន ៩ករណី ពាក់ព័ន្ធនឹងការមិនបង់ពន្ធរបស់ក្រុមហ៊ុនលោក ដោយកូនប្រុសមេដឹកនាំអាម៉េរិករូបនេះ ប្រឈមមុខជាប់ពន្ធនាគាររហូតដល់១៦ឆ្នាំឯណោះ។

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com