អន្តរជាតិ
អាម៉េរិកថា ទំនាក់ទំនងវៀតណាម និងចិន មិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការខ្លួនឡើយ
18, Dec 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) ជាមួយលោក លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្រុងហាណូយ ក្នុងថ្ងៃទី១២ ខែធ្នូ។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) ជាមួយលោក លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្រុងហាណូយ ក្នុងថ្ងៃទី១២ ខែធ្នូ។ រូបភាព AFP
អាម៉េរិក នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម បើទោះរដ្ឋាភិបាលក្រុងហាណូយ បានប្រកាសពីការរឹតចំណងទំនាក់ទំនងជាមួយក្រុងប៉េកាំង នៅសប្តាហ៍មុនក៏ដោយ។ មន្រ្តីអាម៉េរិកមួយរូប បានបញ្ជាក់បែបនេះ ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ។


តាមរយៈ «ការទូតដើមឬស្សី» វៀតណាម ទទួលជោគជ័យខ្លាំងលើការពង្រឹងទំនាក់ទំនងជាមួយអាម៉េរិក និងចិន ដោយមេដឹកនាំក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានបំពេញទស្សនកិច្ចទៅវៀតណាមជាបន្តបន្ទាប់ ដើម្បីរឹតចំណងទ្វេភាគី សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិផ្នែកការពារជាដើម។ បើទោះលោកស៊ី ជិនភីង ប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចនៅក្រុងហាណូយ នៅសប្តាហ៍មុន ប៉ុន្តែអាម៉េរិកថា មិនប៉ះពាល់បែបអវិជ្ជមានដល់ទំនាក់ទំនងរវាងខ្លួន និងវៀតណាមឡើយ។ 
 
«ទំនាក់ទំនងរបស់យើងមិនពាក់ព័ន្ធនឹងប្រទេសទីបីទេ»។ អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅវៀតណាម លោក Cameron Thomas-Shah បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានកិច្ចសហប្រតិបត្តិការជាមួយក្រុងហាណូយលើវិស័យជាច្រើនដូចជា សុខាភិបាល អប់រំ បច្ចេកវិទ្យា និងពាណិជ្ជកម្មជាដើម ហើយប្រទេសទាំងពីរ នឹងបន្តបន្ថែមទៀតនៅពេលអនាគត។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកស៊ីនៅក្រុងហាណូយ វៀតណាម និងចិន បានប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងឧស្សាហកម្មផ្នែកការពារ និងការដឹកជញ្ជូន។ 
 
ដោយឡែក សម្រាប់វត្តមានរបស់លោកប្រធានាធិបតី ចូ បៃឌិន នៅវៀតណាមកន្លងទៅ ភាគីទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតដ៏ខ្ពស់បំផុត។ ការដំឡើងឋានៈបែបនេះ ធ្វើឱ្យអាម៉េរិកមានកម្រិតទំនាក់ទំនងជាមួយវៀតណាម ស្មើនឹងចិនដែរ។ 
 
ជុំវិញទំនាក់ទំនងខាងលើ លោក Carl Thayer អ្នកជំនាញសន្តិសុខវៀតណាម នៃបណ្ឌិត្យសភាកម្លាំងការពារអូស្រ្តាលី បានយល់ឃើញថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន មិនអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពាររវាងក្រុងហាណូយ និងក្រុងវ៉ាស៊ីនតោនឡើយ៕

Tag:
 អាម៉េរិក
  ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com