អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ជ្រើសរដ្ឋមន្រ្តីការបរទេសនិងប្រមុខចារកម្មថ្មី
19, Dec 2023 , 7:39 pm        
រូបភាព
លោក Cho Tae-yul ជាបេក្ខភាពរដ្ឋមន្រ្តីការបរទេស និងលោក Cho Tae-yong ជាបេក្ខភាពនាយកទីភ្នាក់ងារចារកិច្ចជាតិ (ខាងមុខ)។ រូបភាព Yonhap
លោក Cho Tae-yul ជាបេក្ខភាពរដ្ឋមន្រ្តីការបរទេស និងលោក Cho Tae-yong ជាបេក្ខភាពនាយកទីភ្នាក់ងារចារកិច្ចជាតិ (ខាងមុខ)។ រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៩ ខែធ្នូ បានជ្រើសរដ្ឋមន្រ្តីការបរទេសថ្មី ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបទី៥ នៅក្នុងឆ្នាំ២០២៣។ លោក Cho Tae-yul អតីតអនុរដ្ឋមន្រ្តីការបរទេសទីពីរ ជាបេក្ខភាពប្រមុខការទូតថ្មីជំនួសលោកផាក ជីន ខណៈ លោក Cho Tae-yong ទីប្រឹក្សាសន្តិសុខជាតិ ជាបេក្ខភាពនាយកទីភ្នាក់ងារចារកិច្ចជាតិ (NIS)។


ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានរើសប្រមុខការទូត ជំនួសលោកផាក ជីន និងនាយកទីភ្នាក់ងារចារកិច្ចជាតិថ្មី។ 
 
លោកយូន បានជ្រើសលោក Cho Tae-yul អតីតអនុរដ្ឋមន្រ្តីការបរទេសទីពីរ ជាបេក្ខភាពរដ្ឋមន្រ្តីការបរទេស និងលោក Cho Tae-yong ទីប្រឹក្សាសន្តិសុខជាតិ ជាបេក្ខភាពនាយកទីភ្នាក់ងារចារកិច្ចជាតិ។ អ្នកទាំងពីរ នឹងចូលកាន់តំណែង បន្ទាប់ពីសភាបោះឆ្នោតគាំទ្រ។ លោកយូន អាចតែងតាំងអ្នកទាំងពីររូបបានតែម្តង ដោយមិនចាំបាច់គាំទ្រពីសភា ដោយសារវាមិនមែនជាបញ្ហាសំខាន់។ 
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Cho Tae-yul បានយល់ថា លោកមានអារម្មណ៍លើកអំរែកដ៏ធ្ងន់ ស្របពេលមានការផ្លាស់ប្តូរស្ថានភាពក្នុងតំបន់, ការកើនឡើងនៃការប្រកួតប្រជែងរវាងចិន និងអាម៉េរិក រួមទាំងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ 
 
«ខ្ញុំនឹងខិតខំឱ្យអស់លទ្ធភាពដើម្បីពង្រឹងមូលដ្ឋានសម្រាប់សន្តិសុខជាតិ ​និងវិបុលភាព»។ បេក្ខភាពរដ្ឋមន្រ្តីការបរទេស បានប្តេជ្ញាបែបនេះ ខណៈបេក្ខភាពនាយកចារកិច្ច បានសន្យាបង្ហាញពីព័ត៌មានដ៏ត្រឹមត្រូវ ដើម្បីជួយប្រទេស ក្នុងការធ្វើសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ។ 
 
តាមការបញ្ជាក់របស់ប្រធានខុទ្ទកាល័យប្រធានាធិបតី Kim Dae-ki លោក Cho Tae-yul ជាមន្រ្តីការទូតជើងចាស់ ដែលមានសមត្ថភាព និងធ្លាប់កាន់តំណែងសំខាន់ៗ ចាប់តាំងពីអនុរដ្ឋមន្រ្តីការបរទេស និងអគ្គរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិជាដើម។ 
 
ទន្ទឹមនេះ តំណែងទីប្រឹក្សាសន្តិសុខជាតិ ត្រូវទំនេររយៈពេលខ្លីសិន ដោយមន្រ្តីការិយាល័យប្រធានាធិបតី បានអះអាងថា តំណែងទីប្រឹក្សាសន្តិសុខជាតិ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ។ បន្ថែមពីនេះ កូរ៉េខាងត្បូង គ្រោងបង្កើតតួនាទីបន្ថែមទៀត គឺទីប្រឹក្សាសន្តិសុខជាតិរងទី៣ ដែលត្រូ​វទទួលបន្ទុកដោះស្រាយលើបញ្ហាសេដ្ឋកិច្ច ស្របពេលប្រឹក្សាសន្តិសុខជាតិរងទី១ ទទួលបន្ទុកលើគោលនយោបាយការបរទេស និងទីពីរ ទទួលបន្ទុកលើវិស័យការពារជាតិ។ 
 
បន្ទាប់ពីបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបនៅថ្ងៃទី១៨ ខែធ្នូ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានលើកឡើងថា មីស៊ីលប្រភេទនេះ អាចបង្ហាញពីជម្រើសដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងដាក់ចេញ ប្រសិនបើអាម៉េរិកធ្វើសេចក្តីសម្រេចខុស។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង លើមីស៊ីលបាលីស្ទីក Hwasong-18 ព្រោះវាអាចប្រើប្រាស់ ដើម្បីវាយបកលើសត្រូវ។ 
 
ក្នុងថ្ងៃទី១៩ ខែធ្នូ លោកយូន បានព្រមានថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងយល់ច្បាស់ថា សកម្មភាពបង្ករឿង មានតែនាំមកនូវរឿងអវិជ្ជមានប៉ុណ្ណោះ៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com