អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការថៃសម្រេចឱ្យលោក​ Pita ក្លាយជាសមាជិកសភាឡើងវិញ
24, Jan 2024 , 5:59 pm        
រូបភាព
លោក Pita Limjaroenrat បង្ហាញស្នាមញញឹមនៅក្រៅតុលាការធម្មនុញ្ញថៃ ក្នុងថ្ងៃទី២៤ ខែមករា។ រូបភាព AFP
លោក Pita Limjaroenrat បង្ហាញស្នាមញញឹមនៅក្រៅតុលាការធម្មនុញ្ញថៃ ក្នុងថ្ងៃទី២៤ ខែមករា។ រូបភាព AFP
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ ខែមករា បានជម្រុះបទចោទលើអតីតប្រធានបក្សឆ្ពោះទៅមុខលោក Pita Limjaroenrat ក្នុងសំណុំរឿងកាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV Plc។ តុលាការក៏នឹងបើកផ្លូវនយោបាយឱ្យលោក Pita ជាសមាជិកសភាតំណាងរាស្រ្តឡើងវិញផងដែរ។
 
តុលាការធម្មនុញ្ញថៃបានសម្រេចថា iTV លែងជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទៀតហើយ។ ដូច្នេះ ការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុង iTV មិនបានបំពានរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតនោះទេ។ នេះបើតាមសារព័ត៌មានក្នុងស្រុក ThaiPBS ។ 
 
នេះមានន័យថា លោក​ Pita អាចបំពេញតួនាទីជាសមាជិករដ្ឋសភា ហើយអាចត្រឡប់ចូលមកឆាកនយោបាយឡើងវិញ បន្ទាប់ពីលោកត្រូវបានព្យួរក្នុងការបំពេញមុខងារនីតិបញ្ញត្តិចាប់តាំងពីខែកក្កដាឆ្នាំមុន។
 
​ភ្លាមៗ​មុន​ការចេញសេចក្តី​សម្រេច​នេះ លោក Pita បាន​និយាយ​ថា ប្រសិន​បើ​លោក​ត្រូវ​បាន​ជម្រះ​ពី​ការ​ចោទ​ប្រកាន់ លោក​នឹង​ពិភាក្សារ​ជាមួយ​ប្រធាន​សភា Wan Muhamad Noor Matha អំពី​ការ​បន្ត​តួនាទី​សមាជិក​សភា​របស់លោក។
 
សំណុំរឿងនយោបាយដែលប្រឆាំងនិងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សឆ្ពោះទៅមុខបានចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន។ គ្រានោះ គណៈកម្មការរៀបចំការបោះឆ្នោតបានចោទប្រកាន់រូបលោកថាបានកាន់កាប់ភាគហ៊ុនចំនួន ៤២០០០ភាគហ៊ុននៅក្នុង iTV Plc ដែលត្រូវបានចុះបញ្ជីជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលលោកបានដាក់បេក្ខភាពក្នុងការបោះឆ្នោត។ 
 
មាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញថៃចែងថា «ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ភាគហ៊ុននៃកាសែត ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតត្រូវបានហាមឃាត់មិនឱ្យធ្វើជាបេក្ខជនក្នុងការបោះឆ្នោតសភា»។
 
អំឡុងពេលនោះ គណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជូនសំណុំរឿងនេះទៅតុលាការធម្មនុញ្ញ ដែលក្រោយមកបានយល់ព្រមពិចារណាលើករណីនេះ និងបានបញ្ជាឱ្យព្យួរសមាជិកភាពរបស់លោក Pita ជាសមាជិកសភាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត៕ 
 

Tag:
 Pita
  ថៃ
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com