កីឡាជាតិ
ជាតិ
ក្បាច់ផ្កាចន្ទន៍ រំលេចខ្លួនតាមកៅអីក្នុងសំណង់ពហុកីឡដ្ឋានជាតិ អាយុកាល៦០ឆ្នាំ
10, Feb 2024 , 8:09 pm        
រូបភាព
រូបភាព៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាព៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដំណើរការបំពាក់កៅអីមានបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីឱ្យស្របតាមគោលការណ៍សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអាស៊ី (AFC) ជិតរួចរាល់១០០ភាគរយហើយ។ មិនទាន់បញ្ចប់ក៏ពិតមែន ប៉ុន្តែនៅទីតាំងកៅអីក្នុងពហុកីឡដ្ឋានដែលមានអាយុកាល៦០ឆ្នាំ បានប្រែរូបរាងថ្មីបណ្តើរៗជាមួយរចនាបថខ្មែរ ដែលរំលេចដោយក្បាច់ផ្កាចន្ទន៍។


គំរូប្លង់កៅអីកីឡដ្ឋានថ្មី របស់លោក ហោ មណីឬទ្ធិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជ្រើសរើសជាជ័យលាភី ហើយយកទៅកែសម្រួលខ្លះមុនសម្រេចយកទៅប្រើប្រាស់លើការបំពាក់កៅអីចាប់ពីថ្ងៃទី១៨ ខែមករា។ មុនសម្រេចយកគំរូប្លង់របស់ និស្សិតឆ្នាំទី៣ ជំនាញរចនា នៅសកលវិទ្យាល័យលីមកុកវីង ស្ថាប័ន FFC បានប្រកាសរកអ្នកចង់បញ្ចេញស្នាដៃលើការរចនាប្លង់ក្នុងកីឡដ្ឋាន ដោយទទួលបានអ្នកចូលរួមប្រជែងជាច្រើនដល់ទៅជាង១០០ស្នាដៃ។
 
គំរូប្លង់របស់ និស្សិតមណីឬទ្ធិ ដែលចំណាយពេលវេលានៅពេលទំនេរធ្វើនៅរៀងរាល់ពេលយប់ (ដោយគិតជាម៉ោងប្រមាណ៤៨ម៉ោង) ទទួលបានការចុច Like ច្រើនដាច់គេ។ និស្សិតឆ្នាំទី៣ រូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ខ្លួនបានជ្រើសរើសយករចនាបថក្បាច់ផ្កាចន្ទន៍ និងពណ៌ចំនួនបី រួមមាន ស ក្រហម និងខៀវ ដែលជាពណ៌តំណាងឱ្យទង់ជាតិកម្ពុជា និងអក្សរ ពហុកីឡដ្ឋានជាតិ ដើម្បីគូប្លង់មួយនេះឡើង។
  


មណីឬទ្ធិ ពន្យល់ពីអត្តន័យនៃគំរូ​ប្លង់ពហុកីឡដ្ឋានជាតិរបស់ខ្លួនដូច្នេះថា អក្សរ «ពហុកីឡដ្ឋានជាតិ» រំលេចចេញជាអក្សរពណ៌ ស នៅចំផ្នែកកណ្ដាលនៃពណ៌ក្រហម និង ពណ៌ខៀវ លាយបញ្ចូលគ្នាដែលជាពណ៌តំណាងឱ្យទង់ជាតិប្រទេសកម្ពុជា។ ហើយពុម្ភអក្សរដែលយកមកប្រើប្រាស់សម្រាប់ អក្សរ «ពហុកីឡដ្ឋានជាតិ» ជាពុម្ពអក្សរដែលបានរៀបចំឡើងតំណាងឱ្យ អក្សរបាលីនៅក្នុងភាសាខ្មែរ ដែលបានរចនាឡើងជា  ពិសេសសម្រាប់បកប្រែអក្សរបាលីជាប្រព័ន្ធអក្សរខ្មែរ ជាពុម្ពអក្សរបាលី ដែលអាចអានបាន និងជាទូទៅមាននៅក្នុងសាត្រាស្លឹករឹត និងអក្សរសិល្ប៍។
 
ដោយឡែក ក្បាច់ផ្កាចន្ទន៍ ពណ៌ ស នៅសងខាងអក្សរ ពហុកីឡដ្ឋានជាតិ មណីឬទ្ធិ អះអាងថា ខ្លួនរចនាឡើង ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ការប្រើប្រាស់ផ្កាចន្ទន៍មានជាទូទៅក្នុងទម្រង់សិល្បៈផ្សេងៗ រួមទាំងស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងការបង្ហាញសិល្បៈដ៏ជ្រាលជ្រៅរបស់ខ្មែរ។
  


ឆ្លើយនឹងសំណួរថាតើហេតុអ្វី សម្រេចជ្រើសយកក្បាច់ផ្កាចន្ទន៍ ដើម្បីរចនាប្លង់កៅអីនេះ ស្របពេលខ្លួនស្គាល់អំពីរចនាបថខ្មែរផ្សេងៗជាច្រើនទៀត មណីឬទ្ធិ តបថា ដោយសាររូបគេបានសាកល្បងបញ្ចូលរចនាបថមួយចំនួនចូលហើយ ប៉ុន្តែមានតែក្បាច់ផ្កាចន្ទន៍នេះប៉ុណ្ណោះ ដែលស័ក្តិសម នឹងប្រវែង និងទំហំពហុកីឡដ្ឋាននេះ។
 
ក្រោយទទួលការជ្រើសរើសពី FFC និស្សិតផ្នែករចនា វ័យ២០រូបនេះ មានក្តីរីករាយ និងមោទកភាពយ៉ាងខ្លាំង ដោយសារគំរូប្លង់របស់ខ្លួនត្រូវបានយកទៅដំឡើងតាមកៅអីកីឡដ្ឋាន ដែលបានសាង់ឡើងដោយ លោក វណ្ណ ម៉ូលីវណ្ណ ដែលគេទទួលស្គាល់ថាជា​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ។



ពហុកីឡដ្ឋានដែលចេញប្លង់ដោយបិតាស្ថាបត្យករ វណ្ណ មូលីវណ្ណ សាងសង់ឡើង​ដើម្បី​ធ្វើជាម្ចាស់​ផ្ទះ​​​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​១៩៦៣។ ប៉ុន្តែដោយសា្ថនភាពនយោបាយក្នុងប្រទេស កម្ពុជខកឱកាសរៀបចំព្រឹត្តិការណ៍នេះ ដោយត្រូវរង់ចាំ៧០ឆ្នាំក្រោយគឺ​ឆ្នាំ​២០២៣ ទើបកម្ពុជា បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ពហុកីឡាដ្ឋាន​ជាតិ​បាន​ទទួល​ព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើនប្រភេទផងដែរ។ ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ ​មិន​ដែល​បាន​ឃើញ​ល្បែងកីឡា​អូឡាំពិក​ទេ ប៉ុន្តែ​មាន​ឈ្មោះថា​អូឡាំពិក ​នោះដ៏ព្រោះ​តែនៅពេលស្តាតនេះ​សង់​រួចរាល់​​នាឆ្នាំ១៩៦៤ វាគឺ​ជា​កីឡដ្ឋាន​ធំ​ជាង​គេនៅតំបន់​​អាស៊ី​អាគ្នេយ៍។ ​
 
ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមសាងសង់ឆ្នាំ១៩៦២ បានទទួលព្រឹត្តិការណ៍ធំៗជាច្រើន ហើយក៏ជាសំណង់ដែលពោរពេញទៅដោយប្រវត្តិជាច្រើន។ ពហុកីឡាដ្ឋានជាតិអូឡាំពិកមានផ្លាកអនុស្សាវរីយប្រវត្តិសាស្ត្រមួយ ធ្វើពីលោហធាតុ និងមានខ្នាតប្រហែល ១០០ លើ ៨០ សង់ទីម៉ែត្រ។ ផ្ទាំងដែកនេះ មានខ្លឹមសារជាភាសាខ្មែរ និងជាភាសាបារាំងថា នៅទីនេះ នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៦៦ លោកឧត្តមសេនីយ សាល ដឺហ្គោល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយមានវត្តមាន សម្ដេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ព្រះបរមរតនកោដ្ឋ បានថ្លែងព្រះរាជសុន្ទរកថាជាប្រវត្តិសាស្ត្រមួយ ដែលគេប្រសិទ្ធិនាមថា «សុន្ទរកថានាក្រុងភ្នំពេញ» ។ 
  
រូបភាព៖ FFC

ដើមចមដែលបណ្តាលឱ្យមានការរចនាប្លង់ដ៏ស្រស់ស្អាត លើសំណង់ចាស់អាយុកាល៦០ឆ្នាំនេះ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវធ្វើតាមលក្ខខណ្ឌរបស់ AFC និង FIFA ដើម្បីអាចឱ្យពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិបាន។ តម្រូវការនោះ គឺធ្វើយ៉ាងណាឱ្យកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជន៣ម៉ឺននាក់នេះ មានកៅអីដែលមានបង្អែក។ កន្លងមក ដែលកីឡដ្ឋាននេះមានត្រឹមកៅអីអត់បង្អែក តែអាចទទួលរៀបចំស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួន ក៏ដោយសារ FFC ទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ បើមានកៅអីផ្អែក បានន័យថា FFC មិនបាច់ពិបាកស្នើសុំ AFC ទៀតឡើយ នៅពេលរៀបចំប្រកួតអន្តរជាតិ។
 
សម្រាប់ដំណើរការបំពាក់កៅអីថ្មីទាំងនេះ FFC បានស្នើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដើម្បីសុំកញ្ចប់ថវិកាឧបត្ថម្ភ។ ទីបំផុត AFF បានទម្លាក់ប្រាក់មួយចំនួន និងមួយចំនួនទៀត ចេញពីហោប៉ៅរបស់ FFC ផ្ទាល់៕
 

Tag:
 ពហុកីឡដ្ឋានជាតិអូឡាំពិក
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com