សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា មានមហិច្ឆតាចង់ក្លាយជារោងចក្រពិភពលោក
27, Feb 2024 , 1:59 pm        
រូបភាព
បុរស​ម្នាក់​ដើរ​កាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម Apple Iphone 15 នៅ​ទីក្រុង Kolkata ប្រទេស​ឥណ្ឌានៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត ៖ AFP
បុរស​ម្នាក់​ដើរ​កាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម Apple Iphone 15 នៅ​ទីក្រុង Kolkata ប្រទេស​ឥណ្ឌានៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត ៖ AFP
ឥណ្ឌាបានស្វាគមន៍ក្រុមហ៊ុនខ្នាតយក្សធំៗដូចជា Apple, Samsung, Airbus ដើម្បីសម្រេចក្តីសុបិនចង់ជំនួសចិន ក្លាយជារោងចក្ររបស់ពិភពលោក។ ប៉ុន្តែប្រទេសនេះ កំពុងប្រឈមបញ្ហាមួយចំនួន ដែលត្រូវការពេលយូរជាងនេះ ដើម្បីតាមទាន់ប្រទេសចិន។
 
បច្ចុប្បន្ន​ iPhone 15 របស់ Apple, Pixel 8 របស់ Google និង Galaxy S24 របស់ Samsung ត្រូវបានផលិតនៅឥណ្ឌា។ សូម្បីតែ Elon Musk ក៏កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះដែរ។
 
Apple ជាក្រុមហ៊ុនឈានមុខគេមួយ ដែលបើកឱកាសឱ្យឥណ្ឌាក្លាយជារោងចក្រពិភពលោក។ ក្រុមហ៊ុននេះបានវិនិយោគនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះក្នុងឆ្នាំ២០១៧ ដោយចាប់ផ្តើមដំឡើង iPhone ដែលមានតម្លៃទាប បន្ទាប់មកបានពង្រីកខ្លួនដោយមានការគាំទ្រពីដៃគូផលិតមកពីតៃវ៉ាន់ ដូចជា Pegatron និង Wistron ។
 
ប្រាំឆ្នាំក្រោយមក Apple បានពន្លឿន និងចាប់ផ្តើមផលិតទូរសព្ទម៉ូដែលចុងក្រោយបង្អស់នៅទីនេះដូចជា iPhone 14 បន្ទាប់មក iPhone 15។ បច្ចុប្បន្ននេះ ប្រហែល ១២-១៤ភាគរយនៃទូរសព្ទរបស់ Apple លក់នៅលើពិភពលោក ត្រូវបានផលិតនៅឥណ្ឌា ហើយនឹងកើនឡើងដល់ ២៥ភាគរយនៅចុងឆ្នាំនេះ។
 
ផលិតនៅឥណ្ឌា «​ Make in India »
 
មួយទសវត្សរ៍មុន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី  នា​រិ​ន្ទ្រា ម៉ូ​ឌី បានបញ្ជាក់អំពីមហិច្ឆតាយូរអង្វែងរបស់ខ្លួនក្នុងការប្រែក្លាយប្រទេសអាស៊ីខាងត្បូងនេះ ទៅជារោងចក្រថ្មីរបស់ពិភពលោក។ លោក​បាន​ប្រកាស​ក្នុង​សុន្ទរកថា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​ឆ្នាំ ២០១៤ ថា​៖ «​ខ្ញុំ​ចង់​អំពាវនាវ​ដល់​ពិភពលោក​ទាំង​មូលមក​ផលិតនៅ​ឥណ្ឌា »។
 
ដើម្បីជំរុញរឿងនេះ ឥណ្ឌាបានចាប់ផ្តើមគំនិតផ្តួចផ្តើម «Make in India» ដើម្បីលើកកម្ពស់វិស័យផលិតកម្ម ដែលមានទុនប្រមាណ ១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប។ យុទ្ធសាស្ត្រ​នេះ​រួម​បញ្ចូល​ទាំង​ការ​ដំឡើង​ពន្ធ​នាំ​ចូល ​ដើម្បី​លើក​ទឹកចិត្ត​ផលិតកម្ម​ក្នុង​ស្រុក។ នៅឆ្នាំ២០២២ ពន្ធនាំចូលបានកើនឡើងជាមធ្យម ១៨ភាគរយដែលខ្ពស់ជាងថៃ និងវៀតណាមទៅទៀត ។
 
«តាមប្រវត្តិសាស្ត្រ ប្រជាជាតិអាស៊ីខាងត្បូងមួយនេះ មិនមានការបើកចំហរខ្លាំងចំពោះពាណិជ្ជកម្មអន្តរជាតិ ហើយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជាមូលដ្ឋានត្រូវបានកម្រិតការនាំចូល ជាពិសេសមកពីចិន ជាមួយនិងអត្រាពន្ធខ្ពស់ និងការឧបត្ថម្ភធននាំចេញ»។ លោកស្រី Catherine Bros សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចស្រាវជ្រាវនៅ Laboratoire d'Économie d'Orléans ប្រាប់កាសែត Le Monde បែបនេះ។
 
ក្នុងឆ្នាំ ២០២០ ឥណ្ឌាបានឧបត្ថម្ភធនសម្រាប់ការនាំចេញដែលហៅថា ការលើកទឹកចិត្តបែបតភ្ជាប់ ដោយចាក់ទុន​ ២២ពាន់លានដុល្លារទៅក្នុងវិស័យសំខាន់ៗចំនួន១៤ ដូចជាការផលិតស្មាតហ្វូន ផលិតផលវេជ្ជសាស្ត្រ និងគ្រឿងបន្លាស់រថយន្តជាដើម។
 
កំណើនសេដ្ឋកិច្ចខ្ពស់ ៧,៣ភាគរយ និងចំនួនប្រជាជនច្រើនជាងគេលើលោក ១,៤ពាន់លាននាក់ ជាគុណសម្បត្តិដែលជួយប្រទេសអាស៊ីខាងត្បូងមួយនេះ ទាក់ទាញសាជីវកម្មដែលចង់ចូលទីផ្សារដែលកំពុងរីកចម្រើននេះ។ 
 
ឥណ្ឌាទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន​ ៧១ពាន់លានដុល្លារក្នុងឆ្នាំ ២០២២-២០២៣ និងទឹកប្រាក់ ៣៣ពាន់លានដុល្លារនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ។ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos កាលពីខែមុន រដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យា Ashwini Vaishnaw បាននិយាយថា ប្រទេសនេះមានគោលបំណងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំក្នុងរយៈពេលខាងមុខនេះ។
 
ដើម្បីសម្រេចបានក្តីសុបិន្តនេះ ឥណ្ឌាកំពុងខិតខំធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ (រូបវន្ត និងឌីជីថល), ពង្រឹងគាំទ្រដល់ប្រជាជនប្រាក់ចំណូលទាបបំផុត, លើកកម្ពស់ផលិតកម្ម និងការធ្វើមានភាពសាមញ្ញនៃសំណុំឯកសារ។
 
កាលពីសប្តាហ៍មុន ឥណ្ឌាបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យការវិនិយោគផ្ទាល់ពីបរទេស១០០ភាគរយនៅក្នុងការផលិតផ្កាយរណប និងបន្ធូរបន្ថយបទប្បញ្ញត្តិការផលិតរ៉ុក្កែត ក្នុងគោលបំណងបង្កើនចំណែករបស់ខ្លួននៅក្នុងទីផ្សារអវកាសពិភពលោក។ វានឹងបើកឱកាសសម្រាប់ក្រុមហ៊ុនធំៗដូចជា SpaceX, Maxar, Viasat, Intelsat និង Airbus ដើម្បីចូលមកវិនិយោគនៅឥណ្ឌា។ យោង​តាម​អ្នក​ជំនាញ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ផលិត​ផ្កាយ​រណប​ ​ជា​វិស័យ​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់​ជាមួយ ​និងមាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ច្រើនជាមួយប្រទេសនានា។ 
 
វាមិនងាយស្រួលទេក្នុងការជំនួសប្រទេសចិន
 
យ៉ាងណាមិញ ប្រទេសអាស៊ីខាងត្បូងមួយនេះនៅតែមានផ្លូវវែងឆ្ងាយដើម្បីទៅជំនួសចិនក្នុងវិស័យពាណិជ្ជកម្មពិភពលោក។ បើតាមអ្នកជំនាញសេដ្ឋកិច្ច Vivien Massot បាននិយាយថា ចិនមានចំនួន ៣០ភាគរយនៃតម្លៃបន្ថែមសកលក្នុងផលិតកម្មទំនិញ ដែលច្រើនជាងឥណ្ឌា ១០ដង។ លោក​បាន​បន្ត​ថា​៖ «​វិស័យ​ផលិតកម្ម​ឥណ្ឌាត្រូវ​ការ​រយៈពេល ២០ឆ្នាំ​នៃ​កំណើន​ដ៏​លឿន​បំផុត​ដើម្បី​តាម​ទាន់ចិន»។
 
វត្ថុធាតុដើមជាផ្នែកមួយដ៏សំខាន់សម្រាប់រុញផលិតកម្មឥណ្ឌាឱ្យទាន់ចិន។ កាលពីថ្ងៃទី៣០ ខែមករា ប្រទេសនេះបានកាត់បន្ថយពន្ធនាំចូលលើគ្រឿងបន្លាស់ស្មាតហ្វូនមួយចំនួន ដែលភាគច្រើនត្រូវបាននាំចូលពីចិន។
 
លើសពីនេះ ក្រុមហ៊ុនយក្សនៅអាស៊ីខាងត្បូងត្រូវតែប្រឈមមុខបញ្ហាចំនួនទៀត ប្រសិនបើខ្លួនចង់ក្លាយជារោងចក្រពិភពលោកថ្មី។ នោះជាហេដ្ឋារចនាសម្ព័ន្ធដែលមិនមានការអភិវឌ្ឍន៍ និងការផ្គត់ផ្គង់អគ្គិសនីមិនឋិតថេរ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះក៏ដោយ។
 
បើនិយាយពីធនធានមនុស្សវិញ ប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតបុគ្គលិកដែលមានជំនាញខ្ពស់។ មនុស្សប្រហែល ២៥០លាននាក់មិនអាចអាន ឬសរសេរបានទេ ហើយមានតែផ្នែកតូចមួយនៃចំនួនប្រជាជនប៉ុណ្ណោះដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយ។
 
បន្ថែមពីនេះ អ្នកជំនាញមើលឃើញថា គោលនយោបាយសេដ្ឋកិច្ចរបស់ទីក្រុងញូវដេលីបានធ្វើអន្តរាគមន៍ច្រើន ដើម្បីផ្គាប់ចិត្តអ្នកវិនិយោគនៅពេលចាំបាច់។ ជាឧទាហរណ៍ ក្នុងខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលស្រាប់តែដាក់កម្រិតលើការនាំចូលកុំព្យូទ័រយួរដៃ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក។
 
ជារួមបញ្ហាកង្វះវត្ថុធាតុដើម, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមិនទំនើប, ធនធានមនុស្សមានកម្រិត និងគោលនយោបាយឧបត្ថម្ភធនគឺជាកត្តារាំងស្ទះដែលធ្វើឲ្យឥណ្ឌាពិបាកជំនួសចិនជារោងចក្រពិភពលោកនាពេលដ៏ខ្លីខាងមុខ៕ 
 

Tag:
 ពិភពលោក
  ឥណ្ឌា
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com