ជាតិ
សង្គមជាតិ
លោក ស សុខា ព្រមានដកយានយន្ត«នគរបាល» វិញបើមន្ត្រីណាប្រើខុសគោលដៅ
01, Mar 2024 , 11:19 am        
រូបភាព
ឡានមានស្លាកលេខ នគរបាល។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឡានមានស្លាកលេខ នគរបាល។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានដកយានយន្តមានស្លាកលេខ នគរបាល(ន.ប)ពីមន្ត្រីនគរបាល ដែលយកទៅទៅប្រើខុសគោល ឬឱ្យបុគ្គលដទៃខ្ចីប្រើប្រាស់ជាដើម។
 
ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃនាថ្ងៃទី២៩កុម្ភៈ លោក ស សុខា បានដាស់តឿនដល់មន្ត្រី ក្រោមដែនសមត្ថកិច្ចក្រសួង ពិសេសមន្ត្រីនគរបាលដែលប្រើប្រាស់ស្លាកលេខយានយន្តខុសទំនង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា យានយន្តដែលមាន​ស្លាកលេខ «ន.ប» មួយចំនួនឃើញនៅកាស៊ីណូ និងខារ៉ាអូខេ ឬKTVជាដើម។ 
 
«ឡាន(ស្លាកលេខ ន.ប) មិនអាចឱ្យនរណាខ្លីបានទេ! របស់បុគ្គលណា គឺរបស់បុគ្គលនោះហើយ! សូមប្រើប្រាស់ឱ្យចំមុខ ចំជំនាញ។ សូមឱ្យអគ្គស្នងការ និងស្នងការគ្រប់ខេត្តទាំងអស់ សូមមេត្តាយកចិត្តទុកដាក់លើអ្នកប្រើប្រាស់ស្លាកលេខ ន.ប នេះ។ ហើយបើចាំបាច់ ឬខុសច្បាប់ ដកស្លាកលេខចេញ»។ លោក ស សុខា សង្កត់ធ្ងន់បែបនេះ ហើយបន្ថែមថា ការប្រើប្រាស់ស្លាកលេខ ន.ប នៅតាមបណ្ដាលខេត្តឃើញមានការកើនឡើង។ 
 
សូមជម្រាបថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិ ក៏បានព្រមានចំពោះអ្នកប្រើប្រាស់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម) ដែលបង្កផលប៉ះពាល់ដល់សង្គម រួមទាំងប៉ះពាល់កិត្តិយសដល់ក្រសួងដែរ។ ករណីនេះ ក្រសួងការពារជាតិ ព្រមានប្រើប្រាស់ផ្លូវច្បាប់លើអ្នកប្រើប្រាស់ស្លាកលេខ ខ.ម ខុសគោលដៅ៕ 
 

Tag:
 នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com