ជាតិ
អាជ្ញាធរសៀមរាប ស្នើកុំផ្សព្វផ្សាយព័ត៌មានបែបសន្និដ្ឋាន ពីករណីឆេះផ្ទុះរថយន្ត នៅចំណតបរិវេណអង្គរ
05, Mar 2024 , 3:29 pm        
រូបភាព
រថយន្តដឹកភ្ញៀវ ប្រភេទ៤៥កៅអីឆេះ នៅទីតាំងចំណត នាបរិវេណអង្គរ នៅព្រឹកថ្ងៃទី៥ មីនា ២០២៤។ រូបពីរដ្ឋបាលខេត្តសៀមរាប។
រថយន្តដឹកភ្ញៀវ ប្រភេទ៤៥កៅអីឆេះ នៅទីតាំងចំណត នាបរិវេណអង្គរ នៅព្រឹកថ្ងៃទី៥ មីនា ២០២៤។ រូបពីរដ្ឋបាលខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន បកស្រាយពីករណីឆេះផ្ទុះរថយន្តដឹកភ្ញៀវទេសចរ នៅចំណតរថយន្ត នៃបរិវេណអង្គរ នាព្រឹកថ្ងៃទី ៥ មីនា។ អាជ្ញាធរ ក៏ស្នើអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កុំផ្សព្វផ្សាយព័ត៌មានបែបសន្និដ្ឋាន ពីករណីឆេះផ្ទុះរថយន្តនេះ។


មុនកើតហេតុនេះ គឺមានរថយន្តដឹកភ្ញៀវទេសចរមួយគ្រឿង ប្រភេទ៤៥កៅអី បានជូនភ្ញៀវចូលទស្សនាប្រាសាទអង្គរ ហើយឈប់នៅចំណត ដោយមានរថយន្តដទៃទៀតក្បែរគ្នា ។ អំឡុងពេលចតរថយន្ត នាម៉ោង៥៖ ៥០នាទីព្រឹកនោះ ស្រាប់តែរថយន្តប្រភេទ៤៥កៅអីនោះ ឆេះរាលដាលដល់រថយន្ត២គ្រឿងទៀត ដែលបានឈប់នៅក្បែរគ្នា។ នេះបើតាមរដ្ឋបាលខេត្ត ដែលបានសហការជាមួយអង្គភាពពាក់ព័ន្ធ បញ្ជូនមន្ត្រីជំនាញសិក្សាស្រាវជ្រាវបន្ថែម លើករណីនេះ។
 
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីឆេះផ្ទុះរថយន្ត ដូច្នេះ៖«ករណីគ្រោះថ្នាក់នេះ មិនបង្កឱ្យមានរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន៣គ្រឿង ក្នុងនោះរថយន្តប្រភេទ៤៥កៅអី ចំនួន២គ្រឿង រថយន្ត២៤កៅអី ចំនួន១គ្រឿង និងបណ្ដាលឱ្យរបួសមនុស្ស២នាក់»។
 
ដើម្បីកុំឱ្យភ្ញៀវជាតិ និងអន្តរជាតិ មានការយល់ច្រឡំ និងព្រួយបារម្ភនោះ អាជ្ញាធរខេត្តសៀមរាប ក៏ស្នើកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានបែបសន្និដ្ឋាន ពីករណីឆេះផ្ទុះរថយន្តនេះ។«សូមស្នើដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដោយការធ្វើសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋានណាមួយច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់»។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប៕
 

Tag:
 សៀមរាប
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com