ជាតិ
សង្គមជាតិ
សំណុំរឿង ឡេង ចាន់ណា៖ តុលាការ​ឃុំខ្លួនជនត្រូវចោទ​៥នាក់ បង្កក​គណនី​ធនាគារ​ចំនួន​១៨៣
18, Apr 2024 , 11:39 am        
រូបភាព
សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជន​ត្រូវ​ចោទ​ចំនួន៥នាក់ និង​បង្កកគណនី​ធនាគារចំនួន១៨៣ និងទ្រព្យសម្បត្តិ​មួយ​ចំនួន ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនសង្ស័យឡេង ចាន់ណា។ ​​​​វឌ្ឍនភាពនៃពាក់ព័ន្ធ​សំណុំរឿងខាងលើនេះត្រូវបានបញ្ជាក់តាមរយៈ​សេចក្តីប្រកាសព័ត៌មាន​របស់​សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃ​​ទី១៧ ខែមេសា ឆ្នាំ២០២៤។
 
បន្ថែមពីនេះ សាលាដំបូងខេត្តសៀមរាប ក៏បាន​​ចេញដី​កា​បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់​ និងចេញដីកា​បង្គាប់ឱ្យជនត្រូវ​ចោទ​​​ចំនួន២៤នាក់​ចូល​ខ្លួន ​​ចាប់ពីថ្ងៃទី១៨ ខែមេសានេះ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២៤។
 
នៅក្នុងសំណុំរឿងដដែលនេះ សាលាដំបូងខេត្តសៀមរាប បានចេញដីកា​ចាត់ឱ្យស៊ើបសួរ​ជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិរបស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
​ដើម្បីធានាបានភាពត្រឹមត្រូវ ច្បាស់​លាស់ តម្លាភាព និងយុត្តិធម៌ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បាន​សង្កត់ធ្ងន់ថា ​សាលាដំបូងខេត្ត​សៀមរាប ​កំពុង​​បន្តចាត់ការយ៉ាងយកចិត្តទុកដាក់ លើសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក ​។ យ៉ាងណាក៏ដោយ តុលាការត្រូវការពេលវេលាបន្ថែម ដើម្បីស្រាវជ្រាវសំណុំរឿងដែល​មានមនុស្សច្រើននាក់ជាប់ពាក់ព័ន្ធនេះ។  «សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមាន​ការ​​ពាក់ព័ន្ធច្រើននាក់បន្ត​ទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ ដែលទាមទារ​ពេលវេលាសមរម្យក្នុងការស្រាវ​ជ្រាវឱ្យអស់លទ្ធភាព ក្នុងន័យស្វែងរកការពិត ដើម្បី​ដោះ​ស្រាយជូនជនរងគ្រោះ ដើម​បណ្តឹង​រដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់»។ សេចក្តី​ប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ។
 
សូមរំឭកថា សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣មីនា បានសម្រេចចោទ​ប្រកាន់ជន​សង្ស័យ​ឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី ​​និងអគ្គនាយករង​ក្រុមហ៊ុន​២នាក់ទៀត ព្រម​ទាំង​​បក្ខ​ពួក​​ចំនួន៣បទល្មើស​ គឺ​ បទឆបោកមានស្ថានទម្ងន់​ទោស​, ​មិន​បំពេញ​កាតព្វកិច្ច ឧបករណ៍​ដែល​អាចជួញដូរ​បាន ​ និ​ងសម្អាតប្រាក់។ 
 
ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ច​ខេត្តសៀមរាប ​ឃាត់ខ្លួន​នៅ​ថ្ងៃទី១២ មីនា ពាក់ព័ន្ធនឹងការឆបោកពលរដ្ឋឱ្យ​​ដាក់​ប្រាក់​វិនិ​យោគក្រោមរូបភាព​ទទួល​បានការប្រាក់​ប្រចាំខែ​ក្នុងអត្រាខ្ពស់៕ ​

Tag:
 ឡេង ចាន់ណា​
© រក្សាសិទ្ធិដោយ thmeythmey.com