ជាតិ
សមត្ថកិច្ចដុតកម្ទេចជើងទា និងកោះមាន់ខូចគុណភាពជាង៧តោន ​
22, Apr 2024 , 2:39 pm        
រូបភាព
រូបភាព៖អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
រូបភាព៖អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២១ មេសា បានដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់២ករណី ស្មើនឹង ៧ ៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។


បើតាមការបញ្ជាក់របស់ គយ ករណីទី១ បំណែកសាច់មាន់ និងគ្រឿងក្នុងមាន់ចំនួន៣៩៥គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ មេសា។ 
 
ចំណែក ករណីទី២ កោះមាន់ និងជើងទាចំនួន៧ ២០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល ព្រមទាំង អាវុធហត្ថ ដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ២គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា។ 
 
វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកបណ្ដោះអាសន្ន សម្រាប់រយៈពេល៦ខែ ដែលចេញដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចូលជាធរមានតាំងពីថ្ងៃទី១២ ខែមីនា។ ផលិតផលដែលត្រូវបានហាមឃាត់ រួមមាន អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
 
ទន្ទឹមនឹងវិធានការហាមឃាត់នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា លំហូរសាច់បង្កកចូលមកកម្ពុជានៅតែបន្តកើតមានតាមរយៈម៉ូតូ ឬឡានឈ្នួល ចេញពីប្រទេសថៃ។ 
 
ការចរាចរណ៍សាច់បង្កក បានធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារជ្រូកក្នុងស្រុកពី ២០ទៅ ៣០ភាគរយ ដែលនាំឱ្យកសិករជាច្រើនបោះបង់ការចិញ្ចឹម ដោយការបាក់ទឹកចិត្ត។ ចំពោះ ​សាច់បង្កកដែលខូចគុណភាព ឬគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បង្កផលប៉ះពាល់ផ្នែកសុខភាពពលរដ្ឋកម្ពុជាផងដែរ។
 
ប្រសិនបើ បណ្ដោយឱ្យមានការនាំចូលក្នុងទម្រង់បែបនេះច្រើនទៀត​ វានឹងបង្កផលប៉ះពាល់ធ្ងន់ដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក។ លោក ស្រ៊ុន ពៅ បានទទូច​ឱ្យមន្រ្តីច្រកព្រំដែនកម្ពុជា-ថៃពង្រឹងច្បាប់ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ សម្ដេច​ ហ៊ុន ម៉ាណែត៕ 
 

Tag:
 ​គយ
  ជើងទា
  កោះមាន់
  សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com