អន្តរជាតិ
ប្រមុខការទូតថៃលាលែងពីតំណែង ក្រោយបាត់តួនាទីឧបនាយករដ្ឋមន្រ្តី
29, Apr 2024 , 10:23 am        
រូបភាព
លោក រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara ប្រមុខការទូតថៃ។ រូបភាព វិមានរដ្ឋាភិបាលថៃ
លោក រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara ប្រមុខការទូតថៃ។ រូបភាព វិមានរដ្ឋាភិបាលថៃ
រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara នៅថ្ងៃទី២៨ ខែមេសា បានប្រកាសលាលែងពីតំណែង ក្រោយបាត់តួនាទីឧបនាយករដ្ឋមន្រ្តី នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី ។


នៅក្នុងបញ្ជីសមាជិកគណៈរដ្ឋមន្រ្តីថៃថ្មី ចុះនៅក្នុងរាជកិច្ចក្នុងថ្ងៃទី២៨ ខែមេសា លោកសេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាល បានតែងតាំងរដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មី ជំនួសតំណែងខ្លួន ខណៈរដ្ឋ មន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានបាត់តួនាទីជាឧបនាយករដ្ឋមន្រ្តី។ កន្លងមក លោក Parnpree បានកាន់តំណែងទាំងឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការបរទេស និងរដ្ឋមន្រ្តីការបរទេស។
 
ទំនងមិនពេញចិត្តនឹងការបាត់តំណែងជាឧបនាយករដ្ឋមន្រ្តី លោក Parnpree បានដាក់ពាក្យលាលែងពីតំណែងរដ្ឋមន្រ្តីការបរទេស។ បើតាមប្រមុខការទូតរូបនេះ លោកជឿថា ការបាត់ បង់តំណែងជាឧបនាយករដ្ឋមន្រ្តី ទំនងជាមិនមែនដោយសារខ្វះការសម្រេចកិច្ចការមួយចំនួនឡើយ។
 
«ខ្ញុំជឿថា ការបាត់តំណែងឧបនាយករដ្ឋមន្រ្តី មិនមានពាក់ព័ន្ធនឹងការខ្វះសមិទ្ធផលនោះទេ ដោយសារកន្លងមក ខ្ញុំបានប្តេជ្ញាសម្រាប់កិច្ចការបរទេស និងសេដ្ឋកិច្ចជាច្រើន»។ លោក Parnpree ដែលជាសមាជិកបក្សភឿថៃ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងលិខិតលាលែងពីតំណែង នៅថ្ងៃទី២៨ ខែមេសា។ 
 
ទន្ទឹមនេះ លោក Parnpree ក៏បានប្រកាសលាលែងពីតំណែងទាំងអស់ ដែលលោកសេដ្ឋាតែងតាំង ចាប់តាំងពីខែមេសា មក។ ជាក់ស្តែង ប្រមុខការទូតថៃរូបនេះ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ចលាចលនៅមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ 
 
ពាក់ព័ន្ធនឹងសមិទ្ធផលដែលសម្រេចកន្លងមក លោក Parnpree បានបញ្ជាក់ថា លោកបានចរចាឱ្យមានការដោះលែងចំណាប់ខ្មាំងថៃ ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន, ការប្តេជ្ញាចំពោះគោលនយោបាយរដ្ឋាភិបាលពាក់ព័ន្ធសេដ្ឋកិច្ច, រួមទាំងការចរចាលើកលែងទិដ្ឋាការជាមួយបណ្តាប្រទេសផ្សេងជាដើម។
 
ក្រៅពីតួនាទីរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងតួនាទីរបស់លោក Parnpree លោក សេដ្ឋា បានដាក់លោក Somsak Thepsutin ឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលជំនួសលោក Cholnan Srikaew ខណៈរដ្ឋមន្រ្តីដឹកជញ្ជូន លោកSuriya Juangroongruangkit ត្រូវដំឡើងជាឧបនាយករដ្ឋមន្រ្តី។ 
 
ស្របគ្នានេះ លោកស្រី Sudawan Wangsuphakijkosol ដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីទេសចរណ៍ និងកីឡា ត្រូវទៅកាន់ក្រសួងវប្បធម៌វិញ ហើយលោក Sermsak Pongpanit ដែលជារដ្ឋមន្រ្តីវប្បធម៌ ត្រូវគ្រប់គ្រងក្រសួងទេសចរណ៍។ លោក Chakkrapong Saengmanee ដែលជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រចាំនៅការិយាល័យនាយករដ្ឋមន្រ្តី៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com