ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងទទួលបានការផ្ទេរ​​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​យាន​យន្ត​​ពី​ជប៉ុន ​
02, May 2024 , 2:29 pm        
រូបភាព
ភ្នំពេញ៖  សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងមាន​កំណើន​អ្នក​ជំនាញបន្ថែមទៀតនៅក្នុងឧស្សាហកម្មយានយន្ត តាមរយៈការផ្ទេរចំណេះ​ដឹងបច្ចេកវិទ្យាពី ប្រទេស​​ជប៉ុន។
 
ក្នុងពិធីបើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ការដំណើរការរោងចក្រដំឡើងរថយន្តរបស់ ក្រុម​ហ៊ុន តូយ៉ូតានៅកម្ពុជានេះ មិនត្រឹមតែ​ចូលរួម​លើកកម្ពស់​​​ភាពប្រកួត​ប្រជែង របស់កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹង​ផ្តល់ឱកាស ​​និងជម្រើសការងារសម្រាប់យុវជនកាន់តែ​ច្រើន​​ដែរ។ អ្វី ដែល​សំខាន់ជាងនេះ គឺការផ្ទេរ  លើសពីនេះ គឺការផ្ទេរចំណេះដឹង​ក្នុងឧស្សហកម្ម​យាន​យន្ត និងបច្ចេកវិទ្យាពីប្រទេសជប៉ុន មកប្រទេសកម្ពុជា។ 
 
«ការបង្កើតការងារផ្សេងៗគឺជារឿងមួយ ប៉ុន្តែបន្ថែមពីនោះការបង្កើតរោងចក្រ បច្ចេកវិទ្យា​ខ្ពស់បែបនេះ គឺផ្តល់ឱកាសភាពខ្ពស់ក្នុងការផ្ទេរបច្ចេកវិទ្យាពីប្រទេសជប៉ុន មកប្រទេស​កម្ពុជា ពីក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ គឺផ្ទេរមកកម្ពុជា។ ការផ្ទេរបច្ចេកវិទ្យា​ ធ្វើ​​ក្នុង​ទម្រង់២ គឺទី១ ក្នុងហេដ្ឋារចនាសម្ព័ន្ធ ទម្រង់២ គឺមនុស្ស។ ម៉ោងនេះមែនយើងមិនទាន់មាន (មនុស្ស) ថ្ងៃនេះយើងមាន ១៥០នាក់ ថ្ងៃក្រោយយើងអាចមានទៀត។ បងប្អូនទាំងអស់ នោះសុទ្ធតែបាន បណ្តុះបណ្តាលជាជំហ៊ាន ហើយនឹងត្រូវទទួលនូវការផ្ទេរនូវជំនាញ បន្ថែម ទៀតពីបទពិសោធន៍ការងារ»។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ។
 

 
ក្រៅពីរំពឹងពីកំណើនអ្នកជំនាញ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន នេះបើកឱកាសឱ្យយុវជនកម្ពុជា អាចចូលធ្វើការកម្មការី នៅក្នុងក្រុមហ៊ុនបានផងដែរ។
សម្រាប់សម្តេច ហ៊ុន ម៉ាណែត ការអនុវត្តការងារជាក់ស្តែង នឹងបង្កើនសក្តានុពល និងសមត្ថភាពធនធានមនុស្សកម្ពុជា បានកាន់តែល្អប្រសើរ និងផ្តល់លទ្ធភាពឱ្យកម្ពុជា ទទួលបាននូវវិនិយោគិនបន្ថែម ក្នុងពេលអនាគត។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែម៖
 
«យើងចង់បានការធ្វើការងារជាក់ស្តែង ជាជាងទ្រឺស្តីក្នុងនោះការផ្តល់ឱកាសដែលមាន គ្រឿងឧបករណ៍ សម្ភារទំនើបបែបនេះ គឺជាកិច្ចការសំខាន់ណាស់។ ព្រោះយើងអត់អាច​ធ្វើ​តែនៅលើក្រដាស យើងមកធ្វើជាក់ស្តែង ដែលមានឧបករណ៍​ជាក់ស្តែង»។ 
 

 
សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលបើកដំណើរការផ្លូវការនៅកម្ពុជា នៅថ្ងៃទីនេះ មានទុនវិនិយោគជិត ៣៧លានដុល្លារ ដោយផ្តល់ឱកាស​ការងារ​ដល់ពលរដ្ឋកម្ពុជាចំនន ១៥០នាក់។ រោងចក្រនេះ ​​មានសមត្ថភាព​ដំឡើង​រថយន្ត​​ចំនួន ១ ​៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ ក្នុងឆ្នាំ២០២៤។ 
 
ក្រៅពីរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយូតា បច្ចុប្បន្ន កម្ពុជាក៏មានរោងចក្រផ្គុំ និង​ដំឡើងរថយន្ត ដែលកំពុងដំណើរការចំនួន៥ទៀតដែរ រួមមាន ​រោងចក្រផលិតរថយន្ត SAMYUNG របស់ក្រុមហ៊ុន DAEHAN AUTO នៅខេត្តស្វាយរៀង។ រោងចក្រផលិតរថយន្ត FORD របស់ក្រុមហ៊ុន RMA ​នៅខេត្តពោធិ៍សាត់​។ រោងចក្រផលិតរថយន្ត HYUNDAI របស់ក្រុមហ៊ុន CAMKO MOTOR ​នៅខេត្តកោះកុង។ រោងចក្រផលិតរថយន្ត KIA របស់ក្រុមហ៊ុន HGB MOTORS ​នៅខេត្តបន្ទាយមានជ័យ និងរោងចក្រផលិតរថយន្ត​អគ្គិសនីរបស់ក្រុមហ៊ុន GTV MOTOR​៕

© រក្សាសិទ្ធិដោយ thmeythmey.com