ជាតិ
វីដេអូ
កំណែសន្លឹកកិច្ចការបេក្ខជនប្រឡង​គ្រូ​អនុវិទ្យាល័យ​ ចំណាយពេលយ៉ាង​យូរ​៣ថ្ងៃ
06, May 2024 , 2:29 pm        
រូបភាព
គណៈកម្មការរៀបចំការ​ប្រឡងគ្រូអនុវិទ្យាល័យ ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន
គណៈកម្មការរៀបចំការ​ប្រឡងគ្រូអនុវិទ្យាល័យ ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន
ដំណើរការ​កែ​សន្លឹក​កិច្ច​ការ​បេក្ខជន​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀនអនុ​វិទ្យាល័យ​ បាន​ចាប់​ផ្ដើមនៅ​ថ្ងៃទី​៦ ខែ​ឧសភានេះ​។ លោក​ ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួង​មុខ​ងារ​​​សាធារណៈ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដំណើរ​ការ​ប្រឡង បាន​បញ្ជាក់ថា ដំណើរការកែសន្លឹកកិច្ចការបេក្ខជនជាង ៣ម៉ឺននាក់នេះ នឹង​ចំ​ណាយ​ពេល​យ៉ាង​យូរ​ ៣ថ្ងៃប៉ុណ្ណោះ។
 
​គណៈកម្មការ បានចាប់ផ្តើមកែសន្លឹក​កិច្ច​ការ​បេក្ខជនជាង ៣ ម៉ឺ​ននាក់​ ដែល​​ចូលរួម​ប្រឡង​ប្រជែង​ជ្រើសរើ​ស​គ្រូ​បង្រៀន សម្រាប់​បង្រៀន​នៅ​អនុ​វិទ្យាល័យ ចាប់​ពី​​ថ្ងៃទី ៦ ឧសភានេះ ​នៅ​មណ្ឌល​កំណែសាលា​ភូមិន្ទ​រដ្ឋបាល​​។ កំណែ​បានចាប់ផ្តើម នៅម៉ោង ៧ និង១៥នាទី ដោយ​មានការកាត់ក្បាល សន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា​​ ក្រោមក្រសែភ្នែក​អ្នក​សង្កេតការណ៍នានា រួមទាំង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយផង​។
 
ក្នុង​បទសម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន លោក ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដំណើរការ ប្រឡង បាន​លើក​ឡើងថា ដំណើរការកែសន្លឹកកិច្ចការ នឹងចំណាយពេលយ៉ាងយូរ ៣ថ្ងៃ។ ដើម្បី​ឱ្យដំណើរ​​ការ​កែ​បញ្ចប់ក្នុង​រយៈពេលដ៏​ខ្លីនេះ គណៈ​កម្មការ​ បាន​រៀបចំ​អ្នក​កែ​រហូត​ដល់ ២០០នាក់ ដែល​ជា​សិស្ស​មន្រ្តី​ជាន់ខ្ពស់​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយ​ក្នុង​ម្នាក់ អាច​កែ​​បាន​ចន្លោះពី​២ ទៅ​៣​បន្ទប់។ នេះបើតាមលោក ខៀវ ច័ន្ទប៊ុនធឿន។



​រដ្ឋលេខា​ធិការ​ក្រសួងមុខងារសាធារណៈរូបនេះ​ ក្រោយ​រកឃើញ​បេក្ខជន ១៣២៣នាក់ ដែល​បាន​ប្រឡង​ជាប់​ដំណាក់​កាលទី១ គណៈកម្មការរៀបចំការ​ប្រឡង នឹង​បន្ត​រៀបចំ​ការ​ប្រឡង​ដំណាក់កាលទី២ ក្នុង​ពេល​ឆាប់​ៗនេះ។ 
 
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈរូបនេះ បន្តថាទាំង​ដំណើរការប្រឡង និង​​កំណែ គឺ​ប្រព្រឹត្តទៅ​ដោយ​​ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍​កំណែទម្រង់​រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
 
សូមបញ្ជាក់ថា ពីថ្ងៃទី២-៥ ខែឧសភា គឺជាដំណើរការនៃការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងនេះ រៀបចំនៅ​សាលា​ភូមិន្ទ​រដ្ឋបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទ ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ដំណើរការប្រឡងទាំង៤ថ្ងៃនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ៣៣ ៣១៤នាក់។ ក្រសួងនឹងជ្រើសរើសយកបេក្ខជនចំនួន ១ ៣២៣នាក់ ដើម្បី​ទៅ​ប្រឡង​វគ្គ​ទី២ ដើម្បីសម្រាំងយកបេក្ខជន តែ ៤៤១នាក់ប៉ុណ្ណោះ។ បេក្ខជន​ ៤៤១នាក់ នឹង​ត្រូវ​ចូល​រៀន​នៅ​សាលា​គរុកោសល្យនៅ​ទូទាំង​ប្រទេស ​តាមរយៈពេលដែល​បាន​ជ្រើសរើស​កា​រ​បណ្ដុះ​បណ្ដាល​បន្ថែម៕







Tag:
 គ្រូ​អនុវិទ្យាល័យ
  កែ​សន្លឹក​កិច្ច
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com