កីឡាអន្តរជាតិ
អន្តរជាតិ
Maradona ថាអង់គ្លេសឈ្នះកូឡុំប៊ីព្រោះអាជ្ញាកណ្តាលលម្អៀង តែ FIFA ថាចោទគ្មានមូលដ្ឋាន 06, Jul 2018 , 6:59 am
× វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន Diego Maradona បានចោទប្រកាន់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសថាបានប្រព្រឹត្តអំពើប្លន់ដ៏ធំក្នុងការផ្តួលកូឡុំប៊ីក្នុងការប្រកួតវគ្គ ១/៨ ផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018។
ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី Radamel Falcao ក៏បានចោទប្រកាន់លោកអាជ្ញាកណ្តាល Mark Geiger ពីភាពលម្អៀងទៅកាន់អង់គ្លេសផងដែរដោយបានហៅការកាត់សេចក្តីនេះថាជារឿង «គួរឱ្យអាម៉ាស់» បំផុត។
អង់គ្លេសបានយកឈ្នះកូឡុំប៊ីដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-៣ ក្រោយការប្រកួត១២០នាទីបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១។
ក្នុងជំនួបនៅកីឡដ្ឋាន Spartak Stadium គ្រាប់បាល់បញ្ចូលទីរបស់ក្រុមរហស្សនាមតោកំណាចកើតឡើងដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Harry Kane បន្ទាប់ពីខ្សែការពារ Carlos Sanchez របស់កូឡុំប៊ីបង្កើតកំហុសហើយត្រូវអាជ្ញាកណ្តាល Mark Geiger ពិន័យនិងឲ្យកាតលឿង។ ប៉ុន្តែឈានដល់នាទីបន្ថែមទៅហើយ Yerry Mina បានតែតបាល់បញ្ចូលទីតាមស្មើវិញសម្រាប់កូឡុំប៊ី។
ការសម្រេចចិត្តផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឲ្យអង់គ្លេស ត្រូវបានលោក Maradona រិះគន់អាជ្ញាកណ្តាលអាមេរិកថាគួរតែពិន័យ Kane ទៅវិញទេដែលបង្កើតកំហុសលើកីឡាករ Sanchez ក្នុងតំបន់គ្រោះថ្នាក់របស់កូឡុំប៊ី។
បុរសវ័យ៥៧ឆ្នាំ និងជាវីរបុរសរបស់អាហ្សង់ទីន បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីការគាំទ្រកូឡុំប៊ីដោយពាក់អាវរបស់ក្រុមនេះទៀតផង។ លើសពីនេះទៀតនោះ លោកក៏បានអបអរគ្រាប់បាល់តាមស្មើរបស់ខ្សែការពារ Yerry Mina ដែលធ្វើបាននៅចុងម៉ោង។
កាសែតល្បីៗជុំវិញពិភលោកដូចជា BBC, SkySports បានផ្សាយថា ជុំវិញការចោទប្រកាន់នេះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានអត្ថាធិប្បាយថា ការចោទប្រកាន់អាជ្ញាកណ្តាលរបស់ Maradona គឺមិនសមហេតុផលទាំងស្រុងនោះទេ។ FIFA បន្ថែមដោយសង្កត់ធ្ងន់ថា ពួគេពិតជាសោកស្តាយខ្លាំងណាស់ ដែលបានឃើញសាររិះគន់ដែលគ្មានមូលដ្ឋានពីអតីតកីឡារដែលមានឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលគ្រប់គ្រងក្រោមអង្គភាពរបស់ខ្លួន។
ដោយឡែក Falcao អតីតខ្សែប្រយុទ្ធ Manchester United និងChelsea ក៏បានរិះគន់អាជ្ញាកណ្តាលសញ្ជាតិអាមេរិកដែរថាបានកាត់សេចក្តីលម្អៀងទៅខាងអង់គ្លេស។ Falcao បាននិយាយថា៖«អាជ្ញាកណ្តាលបានរំខានយើងជាច្រើនលើកក្នុងការប្រកួតនោះ។ គាត់តែងតែកាន់ជើងទៅខាងអង់គ្លេស។ គាត់មិនបានកាត់ក្តីក្នុងលក្ខណៈវិនិច្ឆ័យស្មើភាពគ្នានោះទេ។ គាត់តែតែនៅខាងអង់គ្លេស»។
យ៉ាងណាក៏ដោយ FIFA បានចេញសេចក្តីថ្លែងការមួយដោយលើកឡើងថា ខ្លួនបានរិះគន់យ៉ាងខ្លាំងចំពោះការបំពេញតួនាទីរបស់មន្ត្រីអាជ្ញាកណ្តាលពីគ្រប់ប្រកួត ដោយជំរុញឲ្យពួកគេកាត់ក្តីដោយមានភាពវិជ្ជមាននៅក្នុងការប្រកួតដ៏ស្វិតស្វាញ។
ប៉ុន្តែក្រោយមក វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះ បានបង្ហោះសារសុំទោសនៅហ្វេសប៊ុករបស់ខ្លួន ទៅកាន់ FIFA និងប្រធានស្ថាប័ន ដោយទទួលស្គាល់ថា ការងារអាជ្ញាកណ្តាលមិនមែនងាយស្រួលនោះឡើយ៕
Tag:
បាល់ទាត់
FIFA World Cup
Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com