អន្តរជាតិ
ប៉េកាំងច្រានចោលរបាយការណ៍ពាក់ព័ន្ធគម្រោងតំណែងលោកស្រី ការី ឡាំ 24, Oct 2019 , 9:39 pm
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្នុងកម្មវិធី Regular Press Conference, រូបភាព៖ MOFA China
× ទីក្រុងប៉េកាំង បានទាត់ចោលរបាយការណ៍មួយពាក់ព័ន្ធគម្រោងដកតំណែងប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ (Carrie Lam) ដែលផ្សាយដោយកាសែត Financial Time ។ ក្រសួងការបរទេសចិននៅថ្ងៃទី២៣ ខែតុលា ចាត់ទុកព័ត៌មាននេះគ្រាន់តែជា «ពាក្យចចាមអារ៉ាមនយោបាយ ជាមួយនឹងគំនិតអាក្រក់នៅពីក្រោយ» តែប៉ុណ្ណោះ។
«រដ្ឋាភិបាលមជ្ឈិមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានប្រតិបត្តិ ការី ឡាំ... ដើម្បីបញ្ចប់អំពើហិង្សា ភាពវឹកវរ និងស្តារស្ថានការណ៍ឲ្យមកប្រក្រតីវិញ»។ នេះជាការលើកឡើងរបស់របស់អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying ប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែតុលា ដោយទាត់ចោលរបាយការណ៍របស់កាសែត Financial Times ។
បើតាមកាសែតខាងលើ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងគិតគូរផែនការដកតំណែងលោកស្រី ការី ឡាំ ដែលជាប្រធានប្រតិបត្តិរបស់ទីក្រុងហុងកុង ក្រោយការធ្វើបាតុកម្មអស់ជាង២០សប្តាហ៍កន្លងមក។ ដោយស្រង់ប្រភពពីមន្ត្រីដែលដឹងឮព័ត៌មាននេះ ទីក្រុងប៉េកាំង ក៏សង្ឃឹមថា ការដកលោកស្រី ការី ឡាំ ចេញ អាចធ្វើឲ្យ អំពើហិង្សាក្នុងក្រុងហុងកុងថមថយ ខណៈការចាប់ខ្លួនក្រុមបាតុករកាន់តែច្រើនឡើងៗ។
បើសិនបើជាដកចេញមែន តំណែងប្រធានប្រតិបត្តិប្រចាំហុងកុង នឹងត្រូវទីក្រុងដាក់មនុស្សជំនួសវិញនៅក្នុងខែមីនាខាងមុខ ហើយអ្នកថ្មី នឹងកាន់តំណែងសម្រាប់អាណត្តិសេសសល់របស់លោកស្រី ឡាំ ដែលចប់នៅឆ្នាំ២០២២ ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Time នៅថ្ងៃទី ២៣ ខែតុលា។
តាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia អ្នកវិភាគនយោបាយ Dixon Sing បានអះអាងថា គម្រោងដកលោកស្រីការី ឡាំ ចេញ គឺយឺតពេលហើយ។ ពោល គឺទីក្រុងប៉េកាំង គួរតែដកប្រធាន ប្រតិបត្តិតាំងពី ៤ខែមុនមកម្លេះ។ បើតាមអ្វីដែលអ្នកវិភាគនយោបាយរូបនេះគិត ការដកមេដឹកនាំទីក្រុងហុងកុង គឺមិនអាចទៅរួចទេ ព្រោះក្រុមបាតុករមិនអាចទៅផ្ទះវិញដោយដៃទទេឡើយ។ ម្យ៉ាងវិញទៀត វាមិនមែនជាការទាមទារទាំងប្រាំ ដែលប្រជាជនហុងកុងចង់បានដែរ។
តាមពិតទៅ ការដកតំណែងលោកស្រី ឡាំ ពេលនេះ ក៏មិនមែនជារឿងល្អដែរ ដ្បិតប៉េកាំងត្រូវការមនុស្សដើម្បីទប់ទល់ស្ថានការណ៍យ៉ាប់យ៉ឺននេះសិន ហើយដូចរៀបរាប់ខាងលើ វាក៏មិនជាការទាមទាររបស់បាតុករដែរ។ ប៉ុន្តែចិន គួរតែគិតគូរពីការទាមទារទាំង៥ តាមការទាមទាររបស់ក្រុមបាតុករវិញ ល្អជាង ព្រោះនោះបញ្ហានឹងត្រូវបញ្ចប់ ហើយក្រុមបាតុករនឹងត្រលប់ទៅផ្ទះវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com