ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅតែបន្តចូលរួមយ៉ាងសកម្មភាពជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស.ស.យ.ក អះអាងថា ខ្លួនបានធ្វើយុទ្ធនាការ បញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាំងតែពីខែមីនាមក ហើយក៏ធ្លាប់ឧបត្ថម្ភសម្ភារចាំបាច់ ដូចជាម៉ាស់ សម្លៀកបំពាក់វេជ្ជសាស្ត្រ ជេលលាងដៃ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែរ។
ស.ស.យ.ក បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីខែមីនាមក ដោយមានការចូលរួមពីយ៉ាងផុសផុលពីសមាជិក និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ទូទាំងរាជធានី-ខេត្ត។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក នៅថ្ងៃទី៣ធ្នូនេះ សកម្មភាពក្នុងយុទ្ធនាការរបស់ខ្លួនមានដូចជា ការផ្សព្វផ្សាយ អប់រំ និងណែនាំពីវិធានការការពារពីជំងឺកូវីដ-១៩ តាមមធ្យោបាយនានា ដូចជាតាមឧគ្ឃោសនស័ព្ទចល័ត, ការចងបដាតាមទីសាធារណៈ, ការចែក-បិតខិត្តបណ្ណ និងការចែកសម្ភារជាដើម សកម្មភាពដ៏សំខាន់មួយទៀត គឺការចុះសួរសុខទុក្ខ និងឧបត្ថម្ភប្រជាពលរដ្ឋដែលខ្វះខាត និងរងគ្រោះ ក្នុងអំឡុងជំងឺកូវីដ-១៩ ក៏ដូចជាការបន្តសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ និងរៀបចំទីតាំងចត្តាឡីស័កជាដើម។
ដើម្បីជំរុញឲ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការកណ្តាល ស.ស.យ.ក កន្លងមកបានគាំទ្រទាំងកម្លាំង និងស្មារតី ក៏ដូចជាឧបត្ថម្ភថវិកា និងសម្ភារចាំបាច់ រួមមានម៉ាស់ ជែលលាងដៃ និងបដាផ្សព្វផ្សាយ ជូនដល់គណៈកម្មាធិកា រស.ស.យ.ក រាជធានី-ខេត្តទាំង ២៥។ ហើយតាមរយៈមូលនិធិ ស.ស.យ.ក និងតាមរយៈការចូលរួមឧបត្ថម្ភពីសប្បុរសជន និងដៃគូសហការនានា គណៈកម្មាធិការកណ្តាល ស.ស.យ.ក គ្រោងឧបត្ថម្ភសម្ភារបន្ថែម រួមមាន ម៉ាស់ ៥០ម៉ឺនសន្លឹក, សាប៊ូលាងដៃ ១,០៨០ដុំ និងបដាផ្សព្វផ្សាយចំនួន ៣,០០០ផ្ទាំង សម្រាប់ជំហានបន្ទាប់ នៅទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបន្តជំរុញ និងលើកទឹកចិត្តសមាជិក និងយុវជនស្ម័គ្រចិត្តរបស់ខ្លួនទាំងអស់ ឲ្យបន្តការអនុវត្តយុទ្ធនាការនេះ ដល់ពលរដ្ឋបន្ថែមទៀត ជាពិសេសនៅទីប្រជុំជន សាលារៀន និងផ្សារជាដើម ធ្វើយ៉ាងណាឲ្យសារអប់រំ បានជ្រួតជ្រាបទៅដល់គ្រប់មូលដ្ឋាន។
គួររំឭកដែរថា កន្លងមក ស.ស.យ.ក ធ្លាប់ឧបត្ថម្ភសម្ភារចាំបាច់ចំនួន២លើករួចហើយ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ភារទាំងនោះ មានម៉ាស់សរុប ១២,០៤០ម៉ាស, សម្លៀកបំពាក់វេជ្ជសាស្ត្រចំនួន ៣,៥០០កំប្លេ, មួកវេជ្ជសាស្ត្រការពារចំនួន ២,០០០កំប្លេ និងជេលលាងដៃចំនួន ១,២៥០ដប។ ស.ស.យ.ក ក៏បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនកូកាកូឡា ចុះអប់រំ ផ្សព្វផ្សាយ និងចែកសម្ភារជូនបណ្តាអង្គភាព និងរដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរសុខាភិបាល ចំណុះរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
គិតត្រឹមថ្ងៃទី៣ខែធ្នូនេះ អ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៣៣១នាក់ ក្នុងនោះសះស្បើយ៣០៤នាក់។ អ្នកជំងឺ២២នាក់ សម្រាកព្យាបាលនៅពេទ្យខ្មែរសូវៀត និង៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕