COVID-19
អន្តរជាតិ
ទីក្រុង​ប៉េកាំង​បិទ​ខណ្ឌ​មួយ បន្ទាប់ពី​រកឃើញ​កូ​វីដ​-១៩ ចំនួន​៦​ករណី​
20, Jan 2021 , 5:41 pm        
រូបភាព
ប្រជាជនចិន តម្រង់ជួររង់ចាំការធ្វើតេសត្តក្នុងខណ្ឌ Daxing ទីក្រុងប៉េកាំង។ រូបថត Xinhua
ប្រជាជនចិន តម្រង់ជួររង់ចាំការធ្វើតេសត្តក្នុងខណ្ឌ Daxing ទីក្រុងប៉េកាំង។ រូបថត Xinhua
​អាជ្ញាធរ​ចិន នៅ​ថ្ងៃទី​២០ ខែមករា បានប្រកាស​បិទ​ខណ្ឌ Daxing  នៅក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ ។ តាមរយៈ​ចំណាត់ការ​នេះ ប្រជាជន​រស់នៅក្នុង​សង្កាត់​ចំនួន ១,៦​លាន​នាក់  មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​តំបន់​នេះឡើយ ទាល់តែ​ធ្វើតេស្ត ឬ​មានការ​អនុញ្ញាត​ជាមុន​។​


 
​ក្រុង​ប៉េកាំង បាន​រាយការណ៍​កូ​វីដ​-១៩ ចំនួន ៧​ករណី​នៅ​ថ្ងៃទី​២០ ខែមករា ដោយ​ក្នុងនោះ ៦​ករណី​មាននៅ​ក្នុង​ខណ្ឌ Daxing​។ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត អាជ្ញាធរ​បានសម្រេច​បិទ​តំបន់​នេះ​តែម្តង ចំណែក​ប្រជាជន​១,៦​លាន​នាក់ ក៏​មិន​អនុញ្ញាត​ឲ្យ​ចាកចេញ​ដែរ ទាល់តែ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​មាន​លទ្ធផល​អវិជ្ជមាន​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាមុនសិន​។​
 
​ជាមួយនេះ អាជ្ញាធរ​ទីក្រុង​ប៉េកាំង​ក៏បាន​ដាក់ចេញ​វិធានការ​ផ្សេងទៀត​ផងដែរ​ដូចជា ហាមឃាត់​ការជួបជុំ​លើសពី ៥០​នាក់​, ពិធី​អាពាហ៍ពិពាហ៍​ត្រូវ​លើក​ពេល ចំណែក​ពិធី​បុណ្យសព អនុញ្ញាត​ឲ្យ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច​។ ទន្ទឹមនេះ ថ្នាក់​មតេយ្យ និង​សាលា​បឋម​ក្នុង​ខណ្ឌ Daxing ក៏បាន​ប្តូរ​ឲ្យ​ទៅ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​ដែរ​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ចិន បាន​ហក់​ឡើងវិញ​។ នៅ​ថ្ងៃទី ២០ ខែមករា ចិន បាន​រកឃើញ​ករណី​ឆ្លង​ចំនួន ១០៣​ករណី​។ បញ្ហា​នេះ បានធ្វើ​អាជ្ញាធរ​ក្នុង​ក្រុង​ប៉េកាំង ក៏ដូចជា​នៅ​តំបន់​ផ្សេងទៀត បានដាក់​ចេញ​ចំណាត់ការ​ជា​បន្តបន្ទាប់​។ អាជ្ញាធរ​ក្នុង​ប៉េកាំង បានប្រកាសថា នឹង​បើក​ការស៊ើបអង្កេត​លើ​អ្នក​ដែល​ត្រលប់​មកពី​បរទេស​ទាំងអស់​ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ និង​បិទ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយកន្លែង​ផងដែរ​។ 
 
​លើសពីនេះ ចិន បាន​ព​ន្លឿ​ន​ការសាងសង់​កន្លែង​ដាក់​ច​ត្តា​ឡី​ស័ក​នៅក្នុង​ក្រុង​ស៊ី​ចា​ឆ័ង ខេត្ត​ហឺ​ប៉ី​ដែរ​។ ក្រុង​ចំនួន​ពីរ ក្នុង​ខេត្ត Jilin ក្រោម​វិធាន​រឹតត្បិត​ផងដែរ​។  
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមករា ចិន​មាន​ករណី​ឆ្លង​សរុប​ចំនួន ៨៨៥៥៧​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៤៦៣៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៨២៤៤៩​នាក់​៕

Tag:
 ចិន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com