ជាតិ
រថយន្ត
អ្នកស្រី ឡុក សុដានី នៅតែរក្សារថយន្តបុរាណម៉ាក AUSTIN Champ ដែលជាមរតកពីឪពុក
04, Jul 2022 , 7:59 pm        
រូបភាព
បាត់ដំបង៖ អ្នកស្រី ឡុក សុដានី ទទួលរថយន្ដមួយដ៏ប្លែកមិនធម្មតា ជាមរតកពីឪពុករបស់គាត់។ តាមកាតគ្រីស គឺជាម៉ាកអូស្តាំង ដែលជាអតីត ម៉ាកអង់គ្លេស។ តាមការស្រាវជ្រាវ វា ជាប្រភេទ Champ ហើយឡានប្រភេទនេះ ត្រូវបានផលិតក្នុងចំនួនតិចតួចប៉ុណ្ណោះ កាលពី៧០ឆ្នាំមុន។ ជាពិសេសម៉ូឌែលសម្រាប់ជនស៊ីវិល ដូចរថយន្តនេះ គឺកម្រមានណាស់។

 
​​​ឪពុករបស់អ្នកស្រី សុដានី បានទិញវា នៅឆ្នាំ១៩៩០ ពេលធ្វើដំណើរពីក្រុងបាត់ដំបង ទៅស្រុកមង្គលបុរី នៅខេត្តបន្ទាយមានជ័យ។ ពេលនោះ AUSTIN Champនេះ ជារថយន្ដបុ​រាណហើយ។ វាបំពាក់ផ្លាកលេខចាស់ពីភ្នំពេញ ហើយមិនមានច្រើនទេ ឡានដែលបានរួចខ្លួនពីសង្គ្រាម។ អ្នកស្រី សុដានី ចង់ចាំជានិច្ចថា ឪពុករបស់ខ្លួនស្រលាញ់រថយន្តនេះណាស់ ទោះជាគេសុំទិញក៏មិនព្រមលក់ដែរ។  បើតាមអ្នកស្រី សុដានី ឪពុករបស់គាត់ បានជួសជុលវាផ្ទាល់ដៃតាមអាចធ្វើបាន។ គាត់បាន​កែ​ដែកកាង​ខាង​ក្រោយ និង​បន្ថែមកៅស៊ូការពារ​ភក់ខាង​ក្រោយដែរ។ ពេល​នេះ​នៅ​ខ្វះ​រង្វង់​តុបតែង​កង់​ទាំង៤ និង​កង់​សឺកួរ។ រហូតដល់ប្រហែល១២ឆ្នាំមុន វាអាចជិះបាន។




 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 
 
រីឯ AUSTIN Champ ម៉ូឌែលស៊ីវិលមួយទៀត ប្រហែលជាត្រូវបានបាត់បង់ ក៏ប៉ុន្តែមុនសង្គ្រាម វាមានប្រវត្តិដ៏មិនធម្មតាសោះ។ ជំនាន់នោះគឺជាកម្មសិទ្ធិផ្ទាល់របស់សម្តេចព្រះរៀម ​នរោត្តម បុប្ផាទេវី តែម្ដង។ លើសពីនេះទៅទៀត ​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ បានជ្រើសរើសវា សម្រាប់ថតរឿងភាពយន្ដ អប្សរា ផលិតឆ្នាំ១៩៦៦ ដែល​ព្រះ​អង្គ​ជា​អ្នក​ដឹក​នាំ​រឿង និង​​ដែលសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី សំដែងជាតួអង្គភរិយា​តួឯក។ ក្នុងរឿងកុនរបស់​ផលិតកម្ម DittoLtd នោះ AUSTIN Champ ជាកម្មសិទ្ធិរបស់តួទាហានជើងអាកាស​មួយរូប ដែលគាត់បើកឡាននេះរហូត ទូទាំងរាជធានីភ្នំពេញ និងតាមខេត្តទៀត។ គឺជារថយន្ដមួយដ៏ល្អប្រសើរ ដើម្បីថតភាពយន្ដ ពីព្រោះអាចដកចេញ ទាំងដំបូលក្រណាត់កៅស៊ូ ទាំងកញ្ចក់ខាងមុខ ដែលធ្វើឱ្យស្រួលថតតួសំដែងពីក្រៅ។ លើសពីនេះទៅទៀត វាមិនមានទ្វារតែម្ដង។ មានកៅអី២ខាងមុខ និង២ខាងក្រោយ។ សូម​បញ្ជាក់​ថា ក្នុង​រឿងភាពយន្ដ​ អប្សរា នេះ ក៏​មាន​វត្តមានរបស់សម្តេច ស៊ីសុវត្ថិ ជីវន្ត័​មុនីរក្ស ដែលជាព្រះ​បុត្រា ព្រះបាទ ​សម្តេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស។ ជាមួយ​រថយន្ដ​ដដែល ស្រប​នឹង​រឿង​នេះ ក៏​មាន​បទចម្រៀងមួយ​ដែរ ដែល​មាន​ចំណងជើង ទស្សនាទីក្រុងភ្នំពេញ ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត និង​អ្នក​ស្រី ម៉ៅ សារ៉េត។
 
អត្ថបទទាក់ទង




 
AUSTIN Champ ត្រូវបាន​ផលិត​ពី​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ​១៩៥១ រហូត​ដល់ខែឧសភា ឆ្នាំ​១៩៥៦។ កាលពីដំបូង ត្រូវ​បានគ្រោងផលិតរថយន្ដប្រភេទនេះ ១៤ ០០០ គ្រឿង សម្រាប់យោធា​អង់គ្លេស។ ក៏ប៉ុន្តែដោយសារវា​ថ្លៃ​ពេក ត្រឹម ១៣ ០០០ គ្រឿង ត្រូវឈប់ផលិតទៀតហើយ។ AUSTIN Champ ម៉ូឌែល​ស៊ីវិល​វិញ ត្រូវ​បាន​ផលិតអស់ ៥០០​គ្រឿង​ប៉ុណ្ណោះ រយៈពេល៣ឆ្នាំ ចាប់ពី​ចុង​ឆ្នាំ​១៩៥២។ ស្ទើរ​តែ​ទាំង​អស់ ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​នេះ ​នៅ​សល់​តែ ២គ្រឿង​ប៉ុណ្ណោះ​ នៅ​ប្រទេស​អង់គ្លេស! តាម​ពិត​ម៉ូឌែល​ស៊ីវិល វា​ខុស​ពី​ម៉ូឌែល​យោធា​ឆ្ងាយ។ ពីដំបូង​មាន​តម្លៃ​ត្រឹម ៧៥០ផោន ហើយ​ចាប់​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៥២ វា​ឡើង​ដល់ ១ ០០០ផោន។


 
Champ គឺជាពាក្យបារាំង ដែលមានន័យថា ស្រែ។ ឈ្មោះនេះបញ្ជាក់ថា រថយន្ដនេះអាចនាំទៅលំហែកាយ តាមផ្លូវលំបាកក៏បានដែរ។ AUSTIN ជា​ក្រុមហ៊ុន​អង់គ្លេស​បង្កើត​ឡើង​ឆ្នាំ​១៩០៥ នៅ​ទីក្រុង Longbridge ដោយ​លោក AUSTIN Herbert ។ ពេលបច្ចុប្បន្ន​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមសម្ព័ន្ធ​ចិន​មួយ ក៏​ប៉ុន្តែ​ត្រូវ​លែង​ផលិត​រថយន្ដ​ម៉ាក AUSTIN តាំង​ពី​ឆ្នាំ១៩៨៨មក​ម៉្លេះ៕
 










 
[រូបភាព​ដកស្រង់ចេញ​ពី https://www.youtube.com/watch?v=VmokTwV6_WM
 

Tag:
 យានយន្ត
  ឡានបុរាណ
  យានបុរាណ
  ឡុក សុដានី
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com