ជាតិ
មរតកមនុស្សរស់កម្ពុជា ដែលនៅមានជន្មាយុទាំង៨រូប កាន់តែមានវ័យជរា
01, Jan 2024 , 9:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ ព្រឹទ្ធាចារ្យមរកតមនុស្សរស់ ដែលនៅមានជន្មាយុទាំង៨រូប កាន់តែមានវ័យជរា ស្រពពេលដែលព្រឹទ្ធាចារ្យមួយចំនួន មានជីវភាពខ្វះខាត ហើយមានជំងឺប្រចាំប្រាណផង។

កាលពីខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារថ្នាក់ជាតិ ជូនដល់ព្រឹទ្ធាចារ្យចំនួន១៧អង្គ និងនាក់ជាមរតកមនុស្សរស់។ បច្ចុប្បន្នត្បូងដ៏មានតម្លៃប្រចាំប្រទេសទាំងនោះ នៅមានជន្មាយុតែ៨រូបប៉ុណ្ណោះ ស្របពេលដែលធនធានមនុស្សដ៏កម្រទាំងអស់នេះ មានវ័យកាន់តែចាស់ ហើយខ្លះក៏ជរាទាំងដែលមានជំងឺជាប់ប្រាណផង។ 
 
សារព័ត៌មានថ្មីៗ សូមលើកយកតែទេពកោសល្យនិងស្នាដៃខ្លះៗ របស់មរតកមនុស្សរស់ទាំង៨រូប មកបង្ហាញប៉ុណ្ណោះ៖
 
ព្រឹទ្ធាចារ្យ ជា ហ៊ា មានគោរមងារជានាដកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យ មានឯកទេសខាងធ្វើខ្មុកល្ខោនខោល បង្រៀនសម្ដែង និងបង្រៀនធ្វើមុខខ្មុក។ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះ សព្វថ្ងៃមានជន្មាយុ៩៣ឆ្នាំ។ នាដកោសល្យវិជ្ជា ជា ហ៊ា ទទួលលបានប័ណ្ណសរសើរឆ្នាំ ១៩៩០  និងសញ្ញាប័ត្រកិត្តិយសជាវីរៈសិល្បករ-ការិនី ឆ្នាំ២០០០-២០០១ ព្រមទាំងប័ណ្ណជ័យលាភីពានប្រាក់សម្ដេច ហ៊ុន សែន ឆ្នាំ២០០១។


ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន ដែលមានឈ្មោះដើមថា យិន សូត្រ ទទួលបានគោរមងារជាគរុពហុស្សូត។ សាស្ត្រាចារ្យភាសាបាលី សំស្ក្រឹត និងទស្សនៈវិជ្ជា នៅសកលវិទ្យាល័យ ព្រះសីហនុរាជរូបនេះ បច្ចុប្បន្នមានជន្មាយុ៨៨ឆ្នាំ។ គរុពហុស្សូត ជិត ជន មានស្រុកកំណើតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ជំនាញដែលព្រឹទ្ធាចារ្យចេះចាំស្ទាត់ទាំងខាងផលិត និងសម្ដែង គឺការបង្រៀន និងសម្ដែងធម៌។ សាស្ត្រាចារ្យ ជិត ជន ដែលមានជំនាញតែងនិពន្ធផងនោះ ទទួលបានសញ្ញាបត្រ បណ្ឌិតកិត្តិយសភាសាបាលី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១១។ ព្រឹទ្ធាចារ្យ ក៏ទទួលបានគ្រឿងឥស្សរិយយស ផ្នែកអប់រំ ក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរផងដែរ។ បច្ចុប្បន្នព្រឹទ្ធាចារ្យ មានសុខភាពខ្សោយជាងមុន ហើយលោកមានបញ្ហាធ្ងន់ត្រចៀក ស្ដាប់ពុំសូវឮុ។

 
ព្រឹទ្ធាចារ្យ ទា វ៉ាន មានគោរមងារជាបញ្ញាកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យ គឺជាគ្រូបង្រៀនភាសាខ្មែរ និងជាគ្រូបង្រៀនភាសាសំស្ក្រឹតនៅពុទ្ធិកសកលវិទ្យាល័យព្រះសុរាម្រឹត។ បញ្ញាកោសល្យវិជ្ជា ទា វ៉ាន មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល ហើយបច្ចុប្បន្នលោកមានជន្មាយុ៨៤ឆ្នាំ។ ព្រឹទ្ធាចារ្យ ខិតខំបង្ហាត់បង្ហាញ និងបង្រៀនសិស្សឱ្យមានសមត្ថភាព ពុទ្ធិ ចំណេះដឹង សមជាទំពាំងស្នងឫស្សី ហើយក្រោយមកសិស្សទាំងនោះ បានចូលចម្រើការងារជូនប្រទេសជាតិ និងសាសនា។

 
ព្រឹទ្ធាចារ្យ ចាន់ ស៊ីម ដែលជាសាស្ត្រាចារ្យក្បាច់ និងចម្លាក់ដ៏ចំណាន តាំងពីសម័យសង្គមរាស្ត្រនិយមនោះទទួលបានគោរមងារជាវឌ្ឍកីទេពនិម្មិត។ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ ចាន់ ស៊ីម បច្ចុប្បន្នមានជន្មាយុ៨៤ឆ្នាំ។
 
ព្រឹទ្ធាចារ្យជាសាស្ត្រាចារ្យសិល្បៈ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតដល់ថ្ងៃចូលនិវត្តន៍។ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម អាចរក្សាបាននូវក្បួនខ្នាតចម្លាក់ពុម្ព ឈើ ស៊ីម៉ង់ និងគំនូរបុរាណ។
វឌ្ឍកីទេពនិម្មិត បានបង្រៀនសិស្សនៅមហាវិទ្យាល័យសិល្បៈសូនរូប-ស្ថាបត្យកម្ម-ន័រតុន និងនៅផ្ទះ តាំងពីឆ្នាំ ១៩៥៩។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចងក្រងសៀវភៅខ្នាតក្បាច់សម្រាប់ជំនាញ ចម្លាក់ស្មិត សិល្បៈសូនរូប ភាគទី១និងភាគទី២។ 
 
ព្រឹទ្ធាចារ្យ ចាន់ ស៊ីម បានធ្វើរូបសំណាកផ្សេងៗ សរុបប្រមាណ២០០រូប។ លោកបានបណ្ដុះបណ្ដាលសិស្សបរទេសលាវជាង១០នាក់។ ព្រឹទ្ធាចារ្យសិល្បៈរូបនេះ បានទទួលគ្រឿងឥស្សរិយយស ការងារប្រាក់ សម័យសង្គមរាស្ត្រនិយម។ បានទទួលជាវីរៈសិល្បករឆ្នាំ២០០០ និងបានទទួលជាព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ពីរាជបណ្ឌិត្យសភាកម្ពុជាឆ្នាំ២០០៤។

 
ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ។ ព្រឹទ្ធាចារ្យ ដែលជាសិល្បករចាប៉ីដងវែង មកពីខេត្តកំពតរូបនេះ បច្ចុប្បន្នមានជន្មាយុ៧៨ឆ្នាំ។ សព្វថ្ងៃនេះ ព្រឹទ្ធាចារ្យកាន់តែមានសុខភាពខ្សោយគួរឱ្យបារម្ភ ដ្បិតអីព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនឈឺធ្លន់ធ្ងរ អស់ជាច្រើនខែមកហើយ ដោយមិនអាចក្រោកពីកន្ទេលបាន។ ព្រឹទ្ធាចារ្យ ក៏មានស្ថានភាពវង្វេងស្មារតីផង។
 
ព្រឹទ្ធាចារ្យជាបុគ្គលទី៣នៃកម្ពុជា ដែលទទួលបានពានហ្វ៊ុកុអូកាលើកទី២៨ ពីប្រទេសជប៉ុន។ សព្វថ្ងៃព្រឹទ្ធាចារ្យ គង់ ណៃ កំពុងចុះខ្សោយសុខភាពដោយរោគាពាធ។

 
ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ។ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ បានស្រាវជ្រាវពីពិធីបែបប្រពៃណីបុរាណ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយលោកក៏ជាអតីតសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ផងដែរ។ សព្វថ្ងៃព្រឹទ្ធាចារ្យមានជន្មាយុ៧៧ឆ្នាំ។


ចំណែក ព្រឹទ្ធាចារ្យ ជេត ចន មានទេពកោសល្យខ្ពស់លើស្នាដៃគំនូរបុរាណ លោកទទួលបានគោរមងារជាទេពនិម្មិតវិចិត្រ។ មានជន្មាយុ៧៦ឆ្នាំ ព្រឹទ្ធាចារ្យ ជេត ចន មានកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ព្រឹទ្ធាចារ្យ បានបង្រៀននៅសាលាមធ្យម និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាំងពីឆ្នាំ១៩៦៦រហូតដល់ថ្ងៃចូលនិវត្តន៍។ 
 
ទេពនិម្មិតវិចិត្រ ជេត ចន ក៏បានបង្រៀននៅមហាវិទ្យាល័យសិល្បៈសូនរូប(ផ្នែកគំនូរបុរាណ) និងបង្រៀនក្បាច់ខ្មែរនៅសមាគម មិត្តវិចិត្រករខ្មែរផងដែរ។ ព្រឹទ្ធាចារ្យ ជេត ចន បានសិក្សាស្រាវជ្រាវរឿងរាមកេរ្ដិ៍ លើថែវព្រះកែវមរកត រួមទាំងការងារជួសជុលគំនូរជាមួយអ្នកបច្ចេកទេសប៉ូឡូញផង។ ព្រឹទ្ធាចារ្យទទួលបាន លិខិត និងប័ណ្ណសរសើរមួយចំនួន ព្រមទាំងសញ្ញាប័ត្រកិត្តិយស ជាវីរសិល្បករពីឆ្នាំ២០០៤-២០០៥។


ចុងក្រោយគឺព្រឹទ្ធាចារ្យ ពៀក ចាប៉ិច លោកទទួលបានគោរមងារជាវោហាកោសល្យវដ្ដី។ មានស្រុកកំណើតនៅខេត្តស្វាយរៀង ព្រឹទ្ធាចារ្យ មានទេពកោសល្យសម្ដែងល្ខោនទោល ឬហៅម្យ៉ាងទៀតថា សិល្បៈនិទានរឿងល្ខោនបាសាក់ទោល។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលបច្ចុប្បន្នមានជន្មាយុ៦៩ឆ្នាំ មានសមត្ថភាពប្រើសំឡេងមនុស្សបានប្រមាណជិត១០សំឡេង និងអាចធ្វើសំឡេងឧបករណ៍ភ្លេងទ្របានយ៉ាងល្អទៀតផង។ សព្វថ្ងៃព្រឹទ្ធាចារ្យកំពុងចុះខ្សោយសុខភាព ព្រោះរោគាពាធ ខណៈពេលដែលជីវភាពខ្វះខាតផង។


ខាងក្រោមនេះគឺជាមរតកមនុស្សរស់ ដែលបានធ្វើមរណកាលទៅហើយ៖

អត្ថបទទាក់ទង
 
 
 
ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារទេវនាដនិម្មិត បានទទួលមរណភាពកាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ។
 
ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ។ 
 
សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក។ ទ្រង់បានសុគតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។
 
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារភិរម្យវោហារ។ ព្រឹទ្ធាចារ្យ បានធ្វើមរណកាលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។
 
ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ វិសេសនាដកាវិជ្ជា។ ព្រឹទ្ធាចារ្យ ទទួលមរណភាព កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។ 
 
ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារ នាដភក្ដីនិម្មិត។ ព្រឹទ្ធាចារ្យបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ។
 
ព្រឹទ្ធាចារ្យ សុខ ឌុត គោរមងារ កោសល្យតន្ត្រីវិជ្ជាធរ។ ព្រឹទ្ធាចារ្យ បានទទួលមរណភាពនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ។
 
ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារជាទេពបញ្ញាកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យបានចែកឋាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៦ឆ្នាំ៕
 
 

Tag:
 មរតកមនុស្សរស់
  វប្បធម៌
  សិល្បៈ
  ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com