COVID-19
ជាតិ
កូវីដ-១៩តាមខេត្ត៖ កំពត៥៨នាក់ភាគច្រើនជាកសិករ ស្វាយរៀង៤០នាក់ជាកម្មររោងចក្រទាំងអស់
06, Jun 2021 , 12:39 pm        
រូបភាព
ដោយ:
ខេត្តកំពត រកឃើញមនសុ្ស៥៨នាក់ថ្មី វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៥ ខែមិថុនា។ ដោយឡែក ខេត្តស្វាយរៀង រកឃើញ៤០នាក់,បន្ទាយមានជ័យរកឃើញថ្មី៣៦នាក់ ភាគច្រើនជាកម្មកររោងចក្រ។ រីឯ ខេត្តបាត់ដំបង រកឃើញ៣២នាក់ ភាគច្រើនជាពលករ ទើបត្រឡប់ពីប្រទេសថៃ។ ខណៈខេត្តប៉ៃលិនរកឃើញ ៨នាក់ទៀត និងខេត្តកំពង់ធំ រកឃើញ៧នាក់។
 
ខេត្តកំពត៖ ៥៨នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍
 
ខេត្តកំពត បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៥៨នាក់ទៀត ដែលភាគច្រើនមានមុខរបរជាកសិករ និងមួយចំនួនទៀតជាបុគ្គលិកនៅ KTV Royal។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានបញ្ជូនអ្នកទាំង៥៨នាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងកំពុងស្រាវជ្រាវរកអ្នកដែលបានពាក់ព័ន្ធបន្ត។ 
 
បើតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពត អ្នកទាំង៥៨នាក់ មានអាសយដ្ឋាន នៅស្រុកបន្ទាយមាស១៥នាក់,ស្រុកកំពង់ត្រាច១២នាក់,ក្រុងកំពត៥នាក់,ស្រុកដងទង់៥នាក់,ស្រុកអង្គរជ័យ៤នាក់,ស្រុកឈូក៣នាក់,ស្រុកទឹកឈូ១នាក់,អ្នកខេត្តកំពង់ស្ពឺ៣នាក់,ក្រចេះ២នាក់,ព្រះសីហនុ១នាក់,បាត់ដំបង១នាក់,កំពង់ចាម១នាក់,កោះកុង១នាក់,ស្ទឹងត្រែង១នាក់,តាកែវ១នាក់,ព្រៃវែង១នាក់ និងភ្នំពេញ១នាក់។
 
ស្វាយរៀង៖ រកឃើញ៤០នាក់ សុទ្ធសឹងជាកម្មកររោងចក្រ
 
ខេត្តស្វាយរៀង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៤០នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ និងក្រុមគ្រួសាររបស់ពួគគេ។ បើការប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀង​ មនុស្ស១៣នាក់ ជាកម្មកររោងចក្រ ដែលធ្វើការនៅរោងចក្រយូលី,៦នាក់នៅរោងចក្រ A and J, ៥នាក់ធ្វើនៅរោងចក្រUT Light,១នាក់នៅរោងចក្រសេងយ៉ាវ,១នាក់នៅរោងចក្រDL,១នាក់ទៀតជាបុគ្គលិកផ្នែករដ្ឋបាលនៃរោងចក្រ SFZ HighPark និងមួយចំនួនទៀតជាក្រុមគ្រួសាររបស់ពួកគេ។
 
បើតាមរដ្ឋបាលខេត្តស្វាយរៀង អ្នកជំងឺទាំងនោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ១១នាក់,មន្ទីរពេទ្យសាមគ្គីរំដួល៧នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត២២នាក់។ រដ្ឋបាលខេត្តក៏បានអំពាវនាវឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកទាំងអស់ខាងលើដោយផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈ១៤ថ្ងៃ និងប្រញាប់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩។
 
បន្ទាយមានជ័យ៖ មាន៣៦នាក់ទៀត ភាគច្រើនជាកម្មកររោងចក្រ
 
ខេត្តបន្ទាយមានជ័យ បន្តរកឃើញមនុស្ស ៣៦នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាកម្មកររោងចក្រហាយថេក។ បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ មនុស្សទាំង៣៦នាក់ ភាគច្រើនមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត រហូត២៨នាក់,ស្រុកសិរីសោភណ្ឌ៣នាក់,ស្រុកព្រះនេត្រព្រះ២នាក់,ស្រុកមង្គលបូរី១នាក់,ស្រុកម៉ាឡៃ១នាក់ និងស្រុកអូរជ្រៅ១នាក់។
 
បាត់ដំបង៖ ៣២នាក់បន្ថែម ភាគច្រើនជាពលករមកពីថៃ
 
ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣២នាក់ទៀត ដែលក្នុងនោះពលករដែលទើបត្រឡប់មកពីប្រទេសថៃ មានចំនួន១២នាក់។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង អ្នកទាំង៣២នាក់ មានអាសយដ្ឋាននៅស្រុកកំរៀង១៧នាក់,ស្រុកសង្កែ៥នាក់,ស្រុកភ្នំព្រឹក៣នាក់,ស្រុកបវេល២នាក់,ស្រុកសំពៅលូន១នាក់,ស្រុកមោងឫស្សី១នាក់,អ្នកខេត្តប៉ៃលិន២នាក់ និងបនន្ទាយមានជ័យ១នាក់។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប៣៨៤នាក់ អ្នកជាសះស្បើយ១៣៣នាក់ ខណៈអ្នកស្លាប់មានចំនួន២នាក់។
 
ប៉ៃលិន៖ ៨នាក់ទៀត ជាអ្នកដែលប៉ះពាល់អ្នកជំងឺ
 
ខេត្តប៉ៃលិន បានរកឃើញមនុស្ស ៨នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩ សុទ្ធសឹងជាអ្នកដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តប៉ៃលិន មនុស្សទាំង៨នាក់ខាងលើ មានអាសយដ្ឋាន នៅស្រុកសាលាក្រៅ៤នាក់ និងក្រុងប៉ៃលិន៤នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកទាំងអស់ខាងលើដោយផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈ១៤ថ្ងៃ និងប្រញាប់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩។
 
កំពង់ធំ៖ រកឃើញ៧នាក់ទៀត ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺ
 
ខេត្តកំពង់ធំ បានរកឃើញមនុស្ស៧នាក់បន្ថែមទៀត ដែលមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពួកគេបានប៉ះពាល់ជាមួយអ្នកជំងឺ។ បើតាមរដ្ឋបាលខេត្តកំពង់ធំ មនុស្សទាំង៧នាក់ខាងលើ មានអាសយដ្ឋាន នៅស្រុកកំពង់ស្វាយ៣នាក់,ស្រុកស្ទឹងសែន៣នាក់ និងស្រុកតាំងគោក១នាក់។ អាជ្ញាធរកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីយកពួកគាត់ធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ-១៩។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៩៧នាក់​ អ្នកជាសះស្បើយ១២០នាក់ ខណៈអ្នកជំងឺ១៧៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
 
​ទូទាំងប្រទេសប្រចាំថ្ងៃ៖  ឆ្លងថ្មី ៦៣១នាក់ ជា១ ០៦៩នាក់ និង១១នាក់ស្លាប់
 
គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣៤ ២៤៤ ​នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន  ១ ០៦៨នាក់​។ អ្នកជា​សះស្បើយ ២៧ ១៤៧ នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២៦៣នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com