ជាតិ
រថយន្ត
លោកសំណាង ទិញឡាន Volkswagen ប្រភេទទី១ ដែលត្រូវម្ចាស់ទុកចោលមកជួសជុលជិះឡើងវិញ
15, Nov 2021 , 8:19 pm        
រូបភាព
លោក ហាក់ សំណាង ដែលម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានទិញរថយន្តVOLKSWAGEN ប្រភេទទី១ អាយុកាលជាង៥០ឆ្នាំ២គ្រឿង មកជួសជុលជិះឡើងវិញ។ បើតាមលោក សំណាង រថយន្តនេះ ត្រូវម្ចាស់មុនរបស់វាទុកចោល ឡើងពុកផុយអស់ នៅសល់តែតួប៉ុណ្ណោះ។ លោក សំណាង បានផ្លាស់ប្ដូរពណ៌ពីផ្ទៃមេឃ ទៅស ដោះដូរម៉ាស៊ីណពីក្រោយទៅខាងមុខវិញ ហើយបាន ទ្រង់ទ្រាយខាងមុខដាក់បាណាធ្វើដៃមួយ។
 
សូមទស្សនា វីដេអូខាងក្រោមនេះ៖ 
 
 
នៅទូទាំងពិភពលោក រថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១ ទំនងជារថយន្តបុរាណដែលនៅសេសសល់ច្រើនជាងគេ ហើយក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមកកម្ពុជា ក៏ច្រើនតែ VOLKSWAGEN ប្រភេទទី១ដែរ។  មុនសង្គ្រាមនៅប្រទេសកម្ពុជាមានឡាន VOLKSWAGEN ប្រភេទទី១ ច្រើនគួរសម ប៉ុន្តែសព្វថ្ងៃនៅមានសល់មិនច្រើននោះទេ ពោលនៅសៀមរាបមានប្រហែល៥គ្រឿង កំពង់ឆ្នាំងក៏មានប្រមាណ៦ ទៅ៧គ្រឿងដែរ ខណៈបាត់ដំបងមាន១គ្រឿង និងមាន៣គ្រឿងទៀតនៅខេត្តកណ្តាល។
 
អត្ថបទទាក់ទង
 
VOLKSWAGEN ប្រភេទនេះ មានឈ្មោះផ្លូវការថាប្រភេទទី១ ព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិត ចាប់ពីឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៧៨ ខណៈប្រេស៊ីលនៅបន្តផលិតរហូតដល់ឆ្នាំ២០១៩។ VOLKSWAGEN ប្រភេទទី១ ត្រូវបានផលិតប្រមាណ ២១លានគ្រឿង នៅប្រទេសអាល្លឺម៉ង់ និងនៅប្រទេសនានាក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក។ ម៉ាក VOLKSWAGEN ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថាប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕


 








 
 

Tag:
 យានយន្ត
 ឡានបុរាណ
 VOLKSWAGEN
© រក្សាសិទ្ធិដោយ thmeythmey.com