អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមឆ្នាំក្រោយ
27, Dec 2023 , 10:30 am        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រទេស G20 នៅក្នុងខែកក្កដា ឆ្នាំ២០២៣។ រូបភាព AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រទេស G20 នៅក្នុងខែកក្កដា ឆ្នាំ២០២៣។ រូបភាព AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki នឹងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្រីលង្កា នៅក្នុងខែមករា ខាងមុខ។ ពេលមកដល់កម្ពុជា លោករដ្ឋមន្រ្តី នឹងធ្វើការជាមួយកម្ពុជាសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរមានទំនាក់ទំនងរយៈពេល ៧០ឆ្នាំ។

 
នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃទី២៦ ខែធ្នូ លោក Shunichi Suzuki រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានប្រកាសថា លោកនឹងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្រីលង្កាចាប់ពីថ្ងៃទី៩ ខែមករា ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ។ 
 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Shunichi នឹងធ្វើការជាមួយកម្ពុជាលើវិស័យជាច្រើន ដើម្បីពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។ 
 
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ានរម្លឹកខួប ៥០ឆ្នាំ។

តាមទិន្នន័យរបស់ស្ថានទូតជប៉ុន នៅក្នុងខែកញ្ញាកន្លងទៅ គិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយ ការនាំចេញរបស់ជប៉ុន មកកម្ពុជាមានទំហំជាង ៣ពាន់លានដុល្លារ ខណៈកម្ពុជានាំទៅជប៉ុនមានទំហំជាង ១០ពាន់លានដុល្លារ។ ទំនិញ ដែលនាំទៅជប៉ុនមានដូចជា អាវ ស្បែកជើង ផលិតផលស្បែក និងផលិតផលអេឡិចត្រូនិច។
 
ពាក់ព័ន្ធនឹងជំនួយឥតសំណង ជប៉ុន បានផ្តល់ឱ្យកម្ពុជាប្រមាណ១,៥៨៥ពាន់លានដុល្លារ និងកម្ចី១,៥៦៧ ពាន់លានដុល្លារ ដោយគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២៕

Tag:
 (ជប៉ុន
  កម្ពុជា
  ស្រីលង្កា)
© រក្សាសិទ្ធិដោយ thmeythmey.com