អន្តរជាតិ
លទ្ធផលការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី ស្ថិតនៅក្នុងដៃយុវជនក្រោមវ័យ៤០ឆ្នាំ
12, Feb 2024 , 9:29 pm        
រូបភាព
 លោក Prabowo Subianto បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ជាមួយអ្នកគាំទ្រនៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែកុម្ភៈ។ រូបភាព AFP
លោក Prabowo Subianto បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ជាមួយអ្នកគាំទ្រនៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែកុម្ភៈ។ រូបភាព AFP
លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី​ ឆ្នាំ២០២៤ ស្ថិតនៅក្នុងដៃយុវជនក្រោមវ័យ៤០ឆ្នាំ ដែលមានរហូតដល់៥៦ភាគរយនៃចំនួនប្រជាជនបោះឆ្នោតសរុប។ គុណភាពនៃជីវិត, អំពើពុករលួយ, បរិស្ថាន, ការងារ និងជីវភាពរស់នៅជាដើម ជាក្ដីបារម្ភរបស់ក្រុមប្រជាជនមួយនេះ ដែលតម្រូវឱ្យមេដឹកនាំថ្មីដោះស្រាយ។


ឥណ្ឌូណេស៊ី​ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយប្រជាជនចំនួនលើសពី២០០លាននាក់ នឹងចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីលោកចូកូ វីដូដូ។ ក្នុងចំនួននេះ ក្រុមយុវជនក្រោមវ័យ ៤០ឆ្នាំ មានរហូតដល់៥៦ភាគរយ។ នេះបើតាមទិន្នន័យរបស់គណៈកម្មការបោះឆ្នោតឥណ្ឌូណេស៊ី។ 
 
តាមតួលេខនេះ យុវជនវ័យក្រោម៤០ឆ្នាំដើរតួនាទីដ៏សំខាន់ ក្នុងការរើសប្រធានាធិបតីថ្មី។
 
«យុវជន បានបង្ហាញក្តីបារម្ភជាច្រើនលើបញ្ហាជីវភាពរស់នៅ, គុណភាពនៃជីវិត, ការងារ, ការទទួលបានការថែរក្សាសុខភាព និងការអប់រំជាដើម»។ លោកស្រី Abigail Limuria សហស្ថាបនិកកម្មវិធីមួយនៅឥណ្ឌូណេស៊ី Bijak Memilih បានបញ្ជាក់បែបនេះទៅកាន់សារព័ត៌មាន CNN ដែលចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ។ 
 
បន្ថែមពីបញ្ហាខាងលើ យុវជនបានបង្ហាញក្តីកង្វល់ជុំវិញអំពើពុករលួយ ការសហការរបស់ស្ថាប័នរដ្ឋ បរិស្ថាន សេដ្ឋកិច្ច ការកាត់បន្ថយការចំណាយថ្លៃរស់នៅ និងសុខមាលភាពសង្គមជាដើម។ 
 
កន្លងមក លោក  Prabowo Subianto បេក្ខជនប្រធានាធិបតីធ្លាប់សន្យាថា ដោះស្រាយបញ្ហាអំពើពុករលួយក្នុងស្ថាប័នរដ្ឋ, ឱកាសការងារ និងបម្រែបម្រួលអាកាសធាតុជាដើម។ 
 
ខណៈការបោះឆ្នោតខិតជិតចូលមកដល់
ក្រុមនិស្សិតសកលវិទ្យាល័យ និងសកម្មជន បានរៀបចំផែនការតវ៉ា នៅថ្ងៃទី១២ ខែកុម្ភៈ ក្រោមហេតុផលលោកប្រធានាធិបតី ចូកូ វីដូដូ បានបំពានអំណាច តាមរយៈការបង្ហាញការគាំទ្រលើបេក្ខជនប្រធានាធិបតី លោក Subianto និងកូនប្រុសរបស់ខ្លួន។ កន្លងមក លោកវីដូដូ បានអះអាងថា លោកនឹងមិនបង្ហាញការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីរូបណាឡើយ។ 
នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ មានបេក្ខជនប្រធានាធិបតីចំនួន ៣រូប ដោយក្នុងនោះមានដូចជា លោក Prabowo Subianto ដែលជារដ្ឋមន្រ្តីការពារជាតិ និងជាអតីតកូនប្រសាររបស់លោក Suharto, លោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល​ និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា។ លោក Subianto​ ជាបេក្ខជនប្រធានាធិបតីមានសំឡេងនាំមុខគេ។ 
 
តាមការស្រង់មតិរបស់ Lembaga Survei Indonesia នៅចន្លោះថ្ងៃទី២៩ ខែមករា និងថ្ងៃទី៥ ខែកុម្ភៈ លោក Subianto បានទទួលសំឡេងគាំទ្រ៥១,៩ភាគរយ ខណៈលោក Baswedan ទទួលបាន២៣,៣ភាគរយ និងលោក Pranowo ទទួលបាន ២០,៣ភាគរយ។ 
 
បេក្ខជនប្រធានាធិបតីដែលទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយនៃការលទ្ធផលបោះឆ្នោតសរុប និងយ៉ាងហោចណាស់ ២០ភាគរយ នៅថ្នាក់ខេត្តនីមួយៗ នឹងឈ្នះការបោះឆ្នោត។ 
 
ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Al Jazeera​ លោក Subianto បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ីក្នុងពេលបច្ចុប្បន្ន បានបង្ហាញក្តីជឿជាក់ថា លោកនឹងឈ្នះការបោះឆ្នោតត្រឹមជុំដំបូងប៉ុណ្ណោះ ដោយមិនអាចបន្តដល់ជុំចុងក្រោយឡើយ។ ក្នុងកិច្ចសម្ភាន៍ដដែលនោះ អតីតមេបញ្ជាការកងកម្លាំងពិសេសរូបនេះ បានចាត់ទុកក្រុមយុវជនមានភាពឆ្លាតវៃ និងសំខាន់ក្នុងប្រទេសរបស់ខ្លួន៕

Tag:
 ឥណ្ឌូណេស៊ី
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com