ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ខេត្តតាកែវ រៀបចំសង្ក្រាន្តរយៈពេល៤ថ្ងៃ នៅសួនច្បារមុខមហោស្រពខេត្ត 09, Apr 2024 , 3:21 pm
រូបភាពតំណាង
× «សង្ក្រាន្តខេត្តតាកែវ» នឹងត្រូវរៀបចំឡើងនៅសួនច្បារមុខមហោស្រពខេត្ត រយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។ ក្រៅពីនេះ តាមរមណីយដ្ឋាននិងទីវត្តអារាមនានាក្នុងខេត្តតាកែវ ក៏នឹងរៀបចំពិធីប្រពៃណី និងកម្មវិធីកម្សាន្តនានាដែរ
រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តខេត្តតាកែវ» ចាប់ពីថ្ងៃទី១៣ -១៦ ខែមេសា នៅសួនច្បារមុខមហោស្រពខេត្តតាកែវ ចាប់ពីម៉ោង២រសៀលតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តតាកែវផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។
បើតាមរដ្ឋបាលខេត្តតាកែវ ព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ ទស្សនាការប្រគំតន្ត្រីសម័យនាពេលរាត្រី។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏ អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមលេងកម្សាន្តសប្បាយឱ្យច្រើនកុះករនៅខេត្តតាកែវ និងតាមទីតាំងផ្សេងៗទៀតដែលមានរៀបចំសង្ក្រាន្ត ដើម្បីចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀតដូចជា ខេត្តព្រៃវែង បាត់ដំបងកំពង់ធំសៀមរាបកែប កំពង់ស្ពឺ កំពត និងប៉ៃលិនជាដើម ក៏ត្រៀមរៀបចំព្រឹត្តិការណ៍ជាមួយនឹងកម្មវិធីប្រពៃណី ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តជាច្រើនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com