អន្តរជាតិ
អ្នកធ្វើ​អត្តឃាត​នៅ​ជប៉ុន​ក្នុង​ខែតុលា មាន​ចំនួន​ច្រើនជាង​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩
01, Dec 2020 , 8:29 am        
រូបភាព
ប្រជាជនជប៉ុនពាក់ម៉ាស់ ក្រោយរដ្ឋាភិបាលដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយសារកូវីដ១៩។ រូបភាព៖AFP
ប្រជាជនជប៉ុនពាក់ម៉ាស់ ក្រោយរដ្ឋាភិបាលដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយសារកូវីដ១៩។ រូបភាព៖AFP
ដោយ:
​របាយការណ៍​ប្រចាំ​ខែតុលា ស្តីពី​ចំនួន​អ្នកធ្វើ​អត្តឃាត​នៅ​ជប៉ុន​បង្ហាញថា ប្រជាជន​ជប៉ុន​ចំនួន​២,១៥៣​នាក់​បាន​ស្លាប់​ខ្លួន​ក្នុង​រយៈ​មួយខែ ដែល​ចំនួន​នេះ​គឺ​ច្រើនជាង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ជប៉ុន​តាំងតែ​ពី​មាន​ករណី​ឆ្លង​មកម្ល៉េះ​។ ចំនួន​អ្នកធ្វើ​អត្តឃាត​ជា​ស្ត្រី​មានការ​កើនឡើង​រហូត​ដល់​ទៅ​៨៣​ភាគរយ ធៀប​ទៅនឹង​បុរស​ការកើនឡើង​មាន​២២​ភាគរយ​។​
 
​ជប៉ុន ជា​ប្រទេសមួយ​មាន​អត្រា​អ្នកធ្វើ​អត្តឃាត​ខ្ពស់បំផុត​ក្នុង​លោក ដោយ​អត្រា​អ្នកធ្វើ​អត្តឃាត​មាន​១៨,៥​នាក់ ក្នុងចំណោម​១​សែន​នាក់ ដែលជា​អត្រា​ទ្វេដង​ធៀប​ទៅនឹង​អត្រា​ជា​មធ្យម​ក្នុង​តំប់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ អ្នកធ្វើ​អត្តឃាត​មាន​ចំនួន​ជា​មធ្យម​២​ម៉ឺន​នាក់​។ របាយការណ៍​របស់​ប៉ូលិស​ជប៉ុន​បង្ហាញថា ករណី​អត្តឃាត​ក្នុង​ខែតុលា មាន​ចំនួន​ដល់​ទៅ​២,១៥៣​ករណី ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​មាន ២,០៨៧​នាក់​ចាប់​តាំងតែ​ពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​។​
 
​ការយល់ដឹង​ពី​ដើមចម​នៃ​ការធ្វើអត្តឃាត​នៅ​ជប៉ុន​ជា​រឿង​ស្មុគស្មាញ ប៉ុន្តែ​ការធ្វើការ​ច្រើន​ម៉ោង សម្ពាធ​ពី​សាលារៀន ការ​នៅ​ដាច់​តែឯង​ក្នុងសង្គម និង​វប្បធម៌​មិន​អើពើ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្តជា​កត្តារួម​ចំណែក​ក្នុងការ​ធ្វើអត្តឃាត​។ នេះ​បើ​យោងតាម​លោក Michiko Ueda អ្នកជំនាញ​ផ្នែក​អត្តឃាត និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​Waseda​។ 
 
​ចំនួន​ស្ត្រី​ជប៉ុន ដែល​ធ្វើអត្តឃាត​មាន​ចំនួន​តិចជាង​បុរស ប៉ុន្តែ​អត្រាកំណើន​មាន​រហូតដល់​ទៅ​៨៣​ភាគរយ ទល់នឹង​បុរស​២២​ភាគរយ បើ​ធៀប​ទៅនឹង​ចំនួន​អ្នកធ្វើ​អត្តឃាត​ក្នុង​ខែតុលា ឆ្នាំ​២០១៩​។ ហេតុផល​មួយចំនួន​ដែល​អាច​ពន្យល់​ពី​កំណើន​អត្រា​អត្តឃាត​របស់​ស្ត្រី​ជប៉ុន មានការ​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​វិស័យ​សេវាកម្ម​សណ្ឋាគារ អាហារ និង​ការលក់ដូរ ដែល​រង​ការបញ្ឈប់​ពី​ការងារ​ដោយសារ​ផលប៉ះពាល់​របស់​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពីនេះ ក៏មាន​ផងដែរ​បន្ទុក​បន្ថែម​ក្នុង​ការថែទាំ​គ្រួសារ ដូចជា​ការមើល​ថែកូន​នៅពេល​សាលា​បិទទ្វារ ឬ​ពេល​បិទ​កន្លែង​ថែទាំ​កុមារ​។ នេះ​យោងតាម​សារព័ត៌មាន CNN​។​
 
​បន្ថែម​ពីនេះ សង្គម​ជប៉ុន​មាន​ទំនោរ មិនសូវ​ខ្វល់ខ្វាយ​ពី​ស្ត្រី និង​អំពើ​ចំពោះ​អ្នកទន់ខ្សោយ​នៅពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​។ សង្គម​ជប៉ុន ក៏​ម៉ាក់​ងាយ បុគ្គល​រូប​ណា​ដែល​និយាយ​ពី​រឿង​ឯកោ និង​បញ្ហា​ដែល​បុគ្គល​នោះ​ប្រឈម​ផងដែរ​។ គំនិត​បែបនេះ ធ្វើ​ឲ្យ​អ្នក​មានបំណង​ធ្វើអត្តឃាត មិន​ស្វែងរក​ជំនួយ​ទាន់ពេល ឬ​ស្វែងរក​ជំនួយ​តែម្តង​។ ជាក់ស្តែង ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​១៩៩០ ចំនួន​អ្នកធ្វើ​អត្តឃាត​នៅ​ជប៉ុន​កើនឡើង ដោយ​ចំនួន​ច្រើន​បំផុត​មាន​ក្នុង​ឆ្នាំ​២០០៣ ដែលមាន​អ្នក​សម្លាប់ខ្លួន​ដល់​ទៅ ៣​ម៉ឺន​៤​ពាន់​។ ភាគច្រើន​នៃ​ចំនួន​នេះ មិន​ហ៊ាន​និយាយ​ពី​សេចក្តី​អាម៉ាស់ និង​ការបារម្ភ​ពី​ការបាត់បង់​ការងារ​។​
 
​បើ​ពិនិត្យ​លើ​អ្នកធ្វើ​អត្តឃាត​តាម​វ័យ​វិញ ការធ្វើអត្តឃាត​ជា​កត្តា​ចម្បង​ក្នុងការ​ស្លាប់​របស់​មនុស្ស​អាយុ​ពី​១៥ ទៅ​៣៩​ឆ្នាំ ខណៈ​អត្រា​មរណភាព របស់​យុវជន​អាយុ​ក្រោម​២០​ឆ្នាំមាន​ការកើនឡើង តាំងពី​មុន​មាន​ជំងឺ​កូ​វីដ​-១៩​មកម្ល៉េះ​។ ជាមួយគ្នានេះ កុមារ​ជប៉ុន​៧៥​ភាគរយ ក្នុងចំណោម​កុមារ​៨,៧០០​នាក់ ក៏​រង​ផលប៉ះពាល់​ផ្លូវចិត្ត​អំឡុងពេល​មាន​ជំងឺ​កូ​វីដ​-១៩ ដែរ​ដោយសារ​ការបិទ​សាលា មិនបាន​ជួប​មិត្ត​ភ័ក្តិ ក៏ដូចជា​កិច្ចការ​សាលា​ច្រើន​។ នេះ​យោងតាម​ការស្ទង់មតិរ​បស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​សុខភាព​កុមារ និង​ការអភិវឌ្ឍ​៕
 
 
 
 
 
 
 

Tag:
 ជប៉ុន​
  អត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com