អន្តរជាតិ
លោក ត្រាំ ដាក់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ស្ថានការណ៍​អាសន្ន ខណៈ FBI ព្រមាន​ពី​កុបកម្ម​ប្រដាប់អាវុធ​
12, Jan 2021 , 5:29 pm        
រូបភាព
ឆ្មាំជាតិអាមេរិក នៅមុខវិមានកាពីតូល។ រូបភាព៖ Bloomberg
ឆ្មាំជាតិអាមេរិក នៅមុខវិមានកាពីតូល។ រូបភាព៖ Bloomberg
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​លើ​សំណើ​ដាក់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ស្ថានការណ៍​អាសន្ន​រហូតដល់​ថ្ងៃទី​២៤ ខែមករា ដោយសារ​មានការ​គំរាម​វាយប្រហារ​លើ​អាគារ​រដ្ឋាភិបាល​ដូច​អ្វីដែល​កើតឡើង​លើ​វិមាន​សភា​។ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ព្រមាន​នៅ​ថ្ងៃទី​១០ ខែមករា​ពី​លទ្ធភាព​នៃ​ផ្ទុះឡើង​កុបកម្ម​ហិង្សា​ប្រដាប់អាវុធ​នៅ​រដ្ឋ​ទាំង​៥០ និង​នៅ​រដ្ឋធានី​នា​ថ្ងៃ​លោក ចូ បៃ​ឌិន ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​។​
 
​ការអនុញ្ញាត​ដាក់​រដ្ឋធានី​ក្នុង​ស្ថានការណ៍​អាសន្ន ធ្វើឡើង​ក្រោយ​ការស្នើសុំ​ទៅកាន់​សេត​វិមាន​របស់​លោកស្រី Muriel Bowser អភិបាលក្រុង​វ៉ាស៊ីនតោន​។ ក្នុង​លិខិតស្នើ លោកស្រី​លើកឡើង​ពី​ព័ត៌មាន​សម្ងាត់​បង្ហាញថា ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម បានរៀបចំ​ធ្វើដំណើរ​មកកាន់​រដ្ឋធានី​។ ឯ FBI ក៏​បញ្ចេញ​របាយការណ៍​ថា មាន​ក្រុម​ប្រដាប់អាវុធ មានបំណង​លុកលុយ​អាគារ​រដ្ឋាភិបាល​នៅ​រដ្ឋ​ទាំង​៥០ រួមទាំង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២០ ខែមករា ពេលដែល​លោក ចូ បៃ​ឌិន ស្បថ​ចូលកាន់​តំណែង​។​
 
 
​ជាមួយ​ការប្រកាស​ដាក់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ស្ថានការណ៍​អាសន្ន​នេះ  កងកម្លាំង​សហព័ន្ធ នឹងត្រូវ​ពង្រាយ​អម​កម្លាំង​ប្រចាំ​ទីក្រុង​ដើម្បី​ជួយ​រក្សា​សុវត្ថិភាព​។ ជា​វិធាន​ការបង្ការ​គ្រោះថ្នាក់ កង​ឆ្មាំ​ជាតិ​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បញ្ជូនទៅ​រដ្ឋធានី ខណៈ​អ្នកទេសចរ​ត្រូវបាន​ហាម​មិន​ឲ្យ​ទៅ​ទីលាន​វ៉ាស៊ីនតោន ដែល​ស្ថិត​ចន្លោះ​នៅ​សេត​វិមាន និង​វិមាន​សភា​រហូតដល់​ថ្ងៃទី​២៤ ខែមករា​។​
 
​ទោះជា​កម្លាំង​ឆ្មាំ​ជាតិ​ជាង​១​ម៉ឺន​នាក់​នឹងត្រូវ​ដាក់ពង្រាយ​ក្តី លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​បារម្ភ​ថា​ចំនួន​នេះ​អាច​នឹង​ពុំ​គ្រប់គ្រាន់​ឡើយ​។ លោក បា​នស​សេរ​លិខិត​ទៅ​លោក Christopher Miller រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​ឲ្យ​បញ្ជូន​កម្លាំង​បន្ថែម​។​
 
​ស្របពេល​មានការ​គំរាម​បែបនេះ លោក បៃ​ឌិន មិន​រុញ​រា​ក្នុង​ការចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ដែល​ធ្វើ​នៅ​វិមាន​កា​ពី​តូ​ល​ឡើយ​។ «​ខ្ញុំ មិន​ខ្លា​ចនឹង​ស្បថ​នៅ​ខាងក្រៅ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក បៃ​ឌិន ប្រាប់​ទៅ​អ្នកកាសែត​នៅ​រដ្ឋ Delaware ។ ជា​ប្រពៃណី ប្រធានាធិបតី​ស្បថ​ចូលកាន់​តំណែង​នៅ​ទីលាន​ខាងក្រៅ​នៃ​វិមាន​កា​ពី​តូ​ល​។ 
 
​ជុំវិញ​ការរៀបចំ​ពិធី​ស្បថ​ចូលកាន់​តំណែង​វិញ លោកស្រី Bowser ក៏បាន​ផ្ញើលិខិត​ទៅ​លោក Chad Wolf រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សន្តិសុខ​មាតុភូមិ​ឲ្យ​រំសាយ​ចោល​នូវ​កម្មវិធី​ជួបជុំ​ជា​សាធារណៈ​ទាំងអស់​រហូតដល់​ថ្ងៃទី​២៤ ខែមករា ព្រមទាំង​ស្វែងរក​វិធានការ​ការពារ​សន្តិសុខ​ថ្មី ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ហេតុ​ការ​ថ្ងៃទី​៦ ខែមករា​ម្ដងទៀត​។ 
 
​ជាទូទៅ ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​មាន​អ្នកគាំទ្រ​មក​ចូលរួម រាប់ម៉ឺន​នាក់​។ ប៉ុន្តែ​ដោយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ គណៈកម្មការ​រៀបចំ​ពិធី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ធ្វើដំណើរ​មក​ចូលរួម និង​បាន​ត្រៀម​ដោត​ទង់ជាតិ​អាមេរិក​ជាង​២​សែន​ទង់​ជំនួស​វត្តមាន​មនុស្ស​នៅ​ទីលាន​ទល់មុខ​វិមាន​កា​ពី​តូ​ល​៕
 
 
 
 
 
 

Tag:
 ​អាមេរិក​
  បោះឆ្នោត​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
© រក្សាសិទ្ធិដោយ thmeythmey.com