ជាតិ
សម្ដេច ហ៊ុន សែន ឃ្នើសចិត្តចំពោះប្រទេស ដែលតែងតែរំខានទំនាក់ទំនងកូរ៉េទាំងពីរ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សាទរទំនាក់ទំនងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលប្រសើឡើង ដោយសារការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងារ ។ សម្ដេច ហ៊ុន សែន ចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ គឺជាកាយវិការស្វែងរកភាពស្រុះស្រួលមួយ ក្នុងការបន្ធូរបន្ថយបញ្ហាតានតឹងនៃឧបទ្វីបកូរ៉េ។
សូមស្តាប់សំឡេង៖
បន្ថែមពីនេះសម្ដេច ហ៊ុន សែន ហាក់មិនចង់ឲ្យប្រទេសមហាអំណាចដទៃ រំខានទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរឡើយ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅព្រឹកថ្ងៃទី ១៣ កុម្ភៈនេះ ប្រមុខរដ្ឋាភិបាល បានរិះគន់ដោយប្រយោលថា៖«ខ្ញុំពិតជាមានការធុញទ្រាន់ និងទើសទាល់ជាមួយឥរិយាបថប្រទេសខ្លះ ដែលឃើញកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវរ៉ូវគ្នា បែជាសម្ដែងការមិនសប្បាយចិត្ត ហើយបែជារកវិធីដាក់គំនាបបន្ថែមនោះ…»។
បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសទាំងអស់នៅលើពិភពលោក គួរតែលើកទឹកចិត្តចំពោះទំនាក់ទំនងល្អប្រសើរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ល្អជាងបំផ្លាញសេចក្តីសុខប្រទេសទាំងពីរ។
ប្រតិភូកូរ៉េខាងជើងត្រឡប់ទៅស្រុកវិញហើយកាលយប់ថ្ងៃទី១១ ខែកុម្ភៈ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចបីថ្ងៃនៅកូរ៉េខាងត្បូងដើម្បីចូលរួមបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា។ វត្តមានដ៏កម្ររបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងមានប្រធានសភាលោក គីម យ៉ុងណាម និងលោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរប្រសើរឡើងអំឡុងពេលព្រឹត្តិការណ៍អូឡាំពិកនេះ។ ជាការពិត កូរ៉េខាងជើងបានទទួលប្រយោជន៍ច្រើន ឯកូរ៉េខាងត្បូងក៏រងអម្រែកលើស្មាធ្ងន់ដែរ៕
Tag:
ហ៊ុន សែន
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com